ចំនួនមនុស្សស្លាប់កើនជិត១២០នាក់ ក្នុងហេតុការណ៍ផ្ទុះឆេះបំពង់ប្រេងដ៏សម្បើមនៅប្រទេសម៉ិកស៊ិក
អត្ថបទដោយ៖
Kien Sereyvuth
ម៉ិកស៊ិក៖ រដ្ឋាភិបាលម៉ិកស៊ិកបានរាយការណ៍នៅថ្ងៃអង្គារ៍នេះថា ចំនួននៃអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍ផ្ទុះឆេះបំពង់ប្រេងដ៏ធំសម្បើមមួយ នៅឯភាគកណ្តាលប្រទេស ចាប់តាំងពីថ្ងៃទី១៨ ខែមករា កន្លងមកនេះ បានបន្តកើនឡើងដល់១១៧នាក់ហើយ។

ហេតុការណ៍ផ្ទុះបំពង់ប្រេងខាងលើនេះ កើតឡើងនៅចំពេលមនុស្សជាង៨០០នាក់ក្នុងទីក្រុងថ្លា ហឺលីលផេន បាននាំគ្នាប្រមូលប្រេង ដែលធ្លាយចេញពីបំពង់ប្រេង។ ចំពោះមូលហេតុផ្ទុះកំពុងស្ថិតក្រោមការស៊ើបអង្កេត ខណៈមានសេចក្ដីរាយការណ៍ថា ហេតុការផ្ទុះបំពង់ប្រេងនៅឯទីក្រុង ថ្លាហឺលីលផេន នេះ កើតឡើងដោយសារតែក្រុមឧក្រិដ្ឋជនលួចទម្លុះបំពង់ប្រេង ដើម្បីលួចបូមយកប្រេង។

បច្ចុប្បន្នរដ្ឋាភិបាលម៉ិកស៊ិក បាននឹងកំពុងប្តេជ្ញាបង្ក្រាបក្រុមលួចប្រេងរដ្ឋ ដែលបាននាំឲ្យប្រទេសអាម៉េរិកខាងជើងមួយនេះ ខាតបង់ថវិការាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗនោះ៕ធ.ដ


