ក្រសួងការបរទេសចិន៖ ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកនឹងបំផ្លាញការរស់នៅរបស់ប្រជាជនវេណេស៊ុយអេឡា
ចិន៖ ប្រទេសចិន តាមរយៈក្រសួងការបរទេសរបស់ខ្លួន នៅថ្ងៃអង្គារ៍សប្តាហ៍នេះ បានសម្ដែងការជំទាស់យ៉ាងខ្លាំង ចំពោះការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាម៉េរិកប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក នីកូឡាស់ ម៉ាឌូរ៉ូ ដោយសង្កត់ធ្ងន់ថា ការដាក់ទណ្ឌកម្មនេះ មានតែបំផ្លាញការរស់នៅរបស់ប្រជាជនវេណេស៊ុយអេឡាប៉ុណ្ណោះ។

បើតាមក្រសួងរតនាគារជាតិអាម៉េរិក ផ្អែកលើទណ្ឌកម្មចុងក្រោយនេះ រាល់ទ្រព្យសម្បត្តិ ឬភាគហ៊ុនរបស់ PDVSA ដែលស្ថិតនៅក្រោមយុត្ថាធិការអាម៉េរិកនឹងត្រូវបង្កកទុក ហើយរាល់ប្រជាជនអាម៉េរិកទាំងអស់មិនអាចធ្វើពាណិជ្ជកម្ម ឬចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុននេះបានឡើយ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានថ្លែងនៅក្នុងសន្និ សីទសារព័ត៌មានមួយថា ទីក្រុងប៉េកាំងនៅតែទទួលស្គាល់លោក នីកូឡាស់ ម៉ាឌូរ៉ូ ជាប្រធានាធិបតីស្របច្បាប់តែមួយគត់របស់វេណេស៊ុយឡា ហើយថា ចិនជឿជាក់ថា ទណ្ឌកម្មអាម៉េរិកមានតែបំផ្លាញការរស់នៅរបស់ប្រជាជនវេណេស៊ុយអេឡាតែប៉ុណ្ណោះ ហើយទីក្រុងវ៉ាស៊ីនតោននឹងត្រូវទទួលខុសត្រូវលើផលវិបាកទាំងឡាយដែលកើតចេញពីការដាក់ទណ្ឌកម្មនេះ៕ធ.ដ



