បើកវគ្គផ្សព្វផ្សាយ អំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម

អត្ថបទដោយ៖
Kien Sereyvuth

នៅព្រឹកថ្ងៃទី ២៩ ខែ មករា ឆ្នាំ២០១៩នេះ នៅសាលាខេត្តសៀមរាប មានបើកវគ្គផ្សព្វផ្សាយ អំពីគោលនយោបាយ នៃ ការអនុវត្តរបបសន្តិសុខសង្គម ជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាពរបស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម អ៊ាន ឃុន សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពី មន្ត្រីជំនាញបេឡាជាតិរបបសន្តិសុខសង្គម និងអស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក មន្ត្រីរាជការ និងកិច្ចសន្យាចូល រួមប្រមាណ ២៥០នាក់ ។

មានប្រសាសន៍ក្នុងពិធីផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម ជូនដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ ស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្ត នាឱកាសនោះឯកឧត្តម ទៀ សីហា ក៏បានធ្វើការផ្តាំផ្ញើ និងណែនាំមួយចំនួន ដល់សមាជិកទាំងអស់ យកចិត្តទុកដាក់ ក្នុងវគ្គផ្សព្វផ្សាយនេះ ដែលបានផ្តល់សារៈសំខាន់ ចំពោះមន្ត្រី ថ្នាក់ ដឹកនាំយើងគ្រប់រូប ពីរបបសន្តិសុខសង្គម ។

ឯកឧត្តមបានគូសបញ្ជាក់ថា ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គមឆ្នាំ២០១៦.២០២៥ ដើមី្បសម្រេចបាន កំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងបរិយាប័ន្ន ក្រខណ្ឌគោលនយោបាយជាតិគាំពារសង្គម គឺមានលក្ខណៈជា ទូលំទូលាយ បានផ្តោតលើពីរប្រព័ន្ធសំខាន់ ក្នុងនោះ ប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ។

ឯកឧត្តមក៏បាន បញ្ជាក់ថា ប្រព័ន្ធគាំពារសង្គម គឺជាឧបករណ៍បម្រើដល់ការកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ វិសមភាពសង្គម រួមចំណែក ដល់ការអភិវឌ្ឍ និងជម្រុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ឆ្ពោះទៅសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល គឺប្រែក្លាយឋានៈ របស់កម្ពុជា ឲ្យទៅជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០២០ និងទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម ទៀ សីហា ក៏បានលើកផងដែរថា បេឡាជាតិរបបសន្តិសុខសង្គម គឺជាស្ថាប័នប្រតិបត្តិករតែមួយគត់ ដែលមានសមត្ថកិច្ច ក្នុងការគ្រប់គ្រង និងចាត់តាំងរបបសន្តិសុខសង្គម គឺជាការគិតគូរនូវគោលនយោបាយមួយ ដោយផ្តោតសំខាន់លើកការបង្កើតប្រព័ន្ធសន្តិសុខសង្គមមួយ ដែលឆ្លើយតបយ៉ាងសមរម្យ នឹងតម្រូវការជាក់ស្តែងរបស់មន្ត្រីរាជការ អតីតមន្ត្រីរាជការ អតីតយុទ្ធជន និងធានាសន្តិសុខសង្គម ផ្នែកហានីភ័យការងារ ថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ អតីតយុទ្ធជន និងភាពសមស្របនៃកាតព្វកិច្ចក្នុងការចូលរួម និង អត្ថប្រយោជន៍ដែលទទួលបាន ព្រមទាំងធានានិរន្តរភាពផ្នែកសង្គមកិច្ច និងហិរញ្ញវត្ថុ របស់មន្ត្រីរាជការ អតីតមន្ត្រីរាជការ អតីតយុទ្ធជន និងការជួយគ្នាទៅវិញទៅមក ប្រកបដោយសមធម៌ និងសាមគ្គីភាពសង្គម  ។ 

ម៉្យាងទៀតរបបសន្តិសុខសង្គម គឺដើមី្បផ្តល់ជូនដល់ពួកគាត់នូវការគាំពារសង្គម និងធានានូវសន្តិសុខសង្គម ព្រមទាំងសេដ្ឋកិច្ច ជូនដល់មន្ត្រីរាជការ ដែលកំពុងបំពេញការងារ ក៏ដូចអតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ដែលបានតស៊ូបំពេញការងារជូនជាតិ មាតុភូមិ នាពេលកន្លងមក ឲ្យចាកផុតពីហានីភ័យ នៅពេលពួកគាត់ជួបប្រទះបញ្ហាផ្សេងៗ ពាក់ព័ន្ធនឹងសុខភាព ឬ គ្រោះថ្នាក់ជាយថាហេតុណាមួយ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner