ប្រធានាធិបតីសហរដ្ឋអាម៉េរិកនឹងជួបជាមួយឧបនាយករដ្ឋមន្រ្តីចិន ដើម្បីចរចាផ្នែកពាណិជ្ជកម្ម
សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីក្រសួងរតនាគារជាតិអាម៉េរិក លោក ស្ទេហ្វិន ម៊្ញូជីន បានថ្លែងនៅថ្ងៃចន្ទនេះថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងជួបពិភាក្សាជាមួយបេសកជនពាណិជ្ជកម្មរបស់ចិននៅសប្តាហ៍នេះ ក្នុងអំឡុងកិច្ចចរចាមួយក្នុងគោលបំណងដោះស្រាយជម្លោះពាណិជ្ជកម្មជាមួយរដ្ឋាភិបាលក្រុងប៉េកាំង។
ឧបនាយករដ្ឋមន្ត្រីចិនលោក លីវ ហឺ នឹងដឹកនាំក្រុមគណៈប្រតិភូចំនួន៣០នាក់ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើការចរចាគ្នានៅក្នុងថ្ងៃពុធ និងថ្ងៃព្រហស្បត្តិ៍ សប្តាហ៍នេះ ស្របពេលដែលសម្ពាធកំពុងកើនឡើងលើភាគីទាំងពីរ ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ។ លោក ម៊្ញូជីន បានប្រាប់អ្នកសារព័ត៌មានថា រូបលោករំពឹងថា នឹងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៅក្នុងកិច្ចចរចាទាំងនេះ ហើយថា លោកនឹងចូលរួមក្នុងកិច្ចចរចាជាមួយតំណាងពាណិជ្ជកម្មអាម៉េរិកលោក រ៉ូបឺត ឡៃធីសហ្ស័រ (Robert Lighthizer) និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក វីលបួ រ៉ូស (Wilbur Ross) ក្នុងចំណោមអ្នកដទៃទៀត។
គួរបញ្ជាក់ថា រដ្ឋាភិបាលក្រុងប៉េកាំង និងវ៉ាស៊ីនតោន នៅសល់ពេលមួយខែទៀតប៉ុណ្ណោះ នៅក្នុងការផ្អាកសង្គ្រាមពាណិជ្ជកម្មបណ្តោះអាសន្ន ដែលបានប្រកាសកាលពីខែធ្នូកន្លងទៅ មុនពេលពន្ធរបស់អាម៉េរិកលើទំនិញនាំចូលរបស់ចិនតម្លៃរាប់ពាន់លានដុល្លារ គ្រោងនឹងកើនឡើងយ៉ាងខ្លាំង៕ម.ន


