ក្រុមហ៊ុនប្រេងរដ្ឋរបស់វេណេស៊ុយអេឡា ទទួលរងការដាក់ទណ្ឌកម្មពីសហរដ្ឋអាម៉េរិក
សហរដ្ឋអាម៉េរិក៖ រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃចន្ទនេះ បានសម្រេចដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនប្រេងរដ្ឋរបស់ប្រទេសវេណេស៊ុយអេឡា PDVSA ដែលនេះជាការដាក់គំនាបផ្នែកហិរញ្ញវត្ថុដ៏តឹងរ៉ឹងបំផុតរបស់សហរដ្ឋអាម៉េរិក ចំពោះលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ។ ការដាក់ទណ្ឌកម្មនេះ នឹងបង្កើនសម្ពាធលើលោក ម៉ាឌូរ៉ូ ឲ្យលាឈប់ពីតំណែង ហើយប្រគល់អំណាចឱ្យទៅលោក ហ្វ័ន ក្វាយដូ ដែលជាមេដឹកនាំបក្សប្រឆាំងវេណេស៊ុយអេឡា ដែលប្រកាសខ្លួនឯងជាប្រធានាធិបតីបណ្តោះអាសន្នកាលពីសប្ដាហ៍មុន និងត្រូវបានទទួលស្គាល់ភ្លាមៗដោយសហរដ្ឋអាម៉េរិក និងបណ្តាប្រទេសដទៃទៀត។
ការបញ្ជារបស់លោក ដូណាល់ ត្រាំ គឺនឹងត្រូវបង្កកទ្រព្យសកម្មរបស់ក្រុមហ៊ុន ប្រេង PDVSA នៅសហរដ្ឋអាម៉េរិក ដែលជាប្រភពចំណូលដ៏ធំបំផុតរបស់វេណេស៊ុយអេឡា និងម្ចាស់ក្រុមហ៊ុនប្រេងកាតអាម៉េរិក Citgo Petroleum ដែលជាទ្រព្យសកម្មបរទេសដ៏សំខាន់បំផុតរបស់អង្គការ OPEC ។ បើតាមទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកលោក ចន បូលតុន បាននិយាយថា ការប្រកាសទណ្ឌកម្មខាងលើនេះ នឹងរារាំងលោក ម៉ាឌូរ៉ូ ពីការទទួលបានទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនប្រេង PDVSA ដែលមានតម្លៃ៧ពាន់លានដុល្លារ និងធ្វើឱ្យគាត់ខាតបង់ទឹកប្រាក់ចំនួន១១ពាន់លានដុល្លារក្នុងដំណើរការនាំចេញប្រេងនៅឆ្នាំក្រោយ៕ម.ន


