មូលនិធិ២៥៛ វីតាល់ចែកស្បៀង និងថ្នាំសង្កូវ ព្រមទំាងថវិកាមួយចំនួនជូនចាស់ជរាក្រីក្រ និងជនគ្មានផ្ទះសម្បែងជាង២០០នាក់
ភ្នំពេញ៖ វីតាល់ដែលជាក្រុមហ៊ុនផលិតទឹកពិសាគុណភាពខ្ពស់ និងល្បីល្បាញលើសកម្មភាពសប្បុរសធម៌សហការជាមួយនឹងក្រុមយុវជនស្មគ្រ័ចិត្តជាង៥០នាក់ បានអញ្ជើញចាស់ជរាក្រីក្រគ្មានផ្ទះសំបែងប្រមាណ២០០នាក់នៅភ្នំពេញមកទទួលយកភួយ និងគ្រឿងឧបភោគបរិ ភោគ ថ្នាំសង្កូវ និងថវិកាមួយចំនួន ដើម្បីបំពេញនូវតម្រូវការកំឡុងពេលរដូវធ្លាក់ខ្យល់ឈានចូលមកដល់ ដែលពិធីនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែមករានេះ នៅក្នុងបរិវេនពហុកីឡដ្ឋានជាតិអូឡាំពិក ។
លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកានៃក្រុមហ៊ុនទឹកពិសាវីតាល់មានប្រសាសន៍ថា លោកជំទាវពិតជាមានចិត្តរំភើប និង រីករាយជាខ្លាំង ដែលបានដឹកនាំក្រុមការងារវីតាល់ឲ្យមានវត្ត មាននៅទីនេះ ដើម្បីប្រារព្ធកម្មវិធី «វីតាល់ផ្តល់ភាពកក់ក្តៅទី៣» ដែលជាកម្មវិធីសប្បុរសធម៌ចែកភួយ និងស្បៀងដ៏ធំមួយប្រចាំឆ្នាំ ដើម្បីជួយដល់ចាស់ជរា ដែលមានជីវភាពក្រលំបាកជាង២០០នាក់ ដែលកំពុងរស់តាមទីសាធារណៈនៅក្នុងទីក្រុងភ្នំពេញ ។ លោកជំទាវបន្តថា ការប្រារព្ធកម្មវិធីនេះ ឡើងគឺផ្អែកលើគោលបំណងធំៗ៤គឺ ១.មានបំណងពង្រឹងវប្បធម៌ចែករំលែក ២.បង្កើនផ្តល់ភាពកក់ក្តៅដល់ដូនចាស់ក្នុងពេលរដូវរំហើយចូលមកដល់ ៣.លើកទឹកចិត្តឲ្យមានការចូលរួមពីសាធារណជន និង ៤.បំពេញបន្ថែមនូវកង្វះខាតស្បៀង និងថ្នាំសង្កូវដល់ជនចាស់ជរា ។ ឈ្លៀតក្នុងឱកាសនេះដែរ លោកជំទាវអគ្គនាយិកាបានថ្លែងអំណរគុណដល់ក្រុមយុវជនស្ម័គ្រចិត្តជាង៥០នាក់ដែលបានចូលរួមក្នុងការងារស្ម័គ្រចិត្តនៅថ្ងៃនេះ ដែលការចូលរួមនេះគឺមានតម្លៃមិនអាចកាត់ថ្លៃបាន និងបង្ហាញកាន់តែច្បាស់ពីសាមគ្គីភាពរបស់យុវជនក្នុងសង្គមខ្មែរយើង ។
សូមបញ្ជាក់ថា បើតាមលោកជំទាវ ជឹង សុគន្ធាវី ទស្សនវិស័យរបស់ វីតាល់ មិនត្រឹមតែចង់ធ្វើសកម្មភាពសប្បុរសធម៌កាន់តែច្រើននោះទេ ក្រុមហ៊ុនក៏មានបំណងលើកទឹកចិត្ត និងផ្សព្វ ផ្សាយកម្មវិធីសប្បុរសធម៌នៅក្នុងប្រទេសកម្ពុជាឲ្យមានភាពកាន់តែពុះកញ្ជ្រោលផងដែរ ។ ហើយវីតាល់ប្តេជ្ញាថា នឹងយកកញ្ចប់ថវិកាសប្បុរសធម៌ ដែលបានចូលរួមពីអតិថិជនទាំងអស់ទៅធ្វើកម្មវិធីសប្បុរសធម៌ជាច្រើនបន្ថែមទៀត ដើម្បីជូនផលបុណ្យជូនត្រឡប់ទៅអតិថិជនទាំងអស់វិញ ៕ម.ន






