ពិព័រណ៍កុមារ និងគ្រួសារលើកទី៦ រយៈពេល២ថ្ងៃ ចាប់បើកដំណើរការជាផ្លូវការហើយ នៅអគារពិព័រណ៍កោះពេជ្រ មានក្រុមហ៊ុនល្បីៗប្រហែល២៥០ចូលរួម
ភ្នំពេញ៖ ពិព័រណ៍កុមារ និងគ្រួសារលើកទី៦ ឆ្នំា២០១៩នេះ បានចាប់ផ្តើមបើកដំណើរការជាផ្លូវហើយ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ទី២០ ខែមករានេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ដោយមានក្រុមហ៊ុនល្បីៗប្រហែល២៥០ចូលរួម ផលិតផលសរុបចំនួន៥.០០០មុខ ព្រមជាមួយនឹងការដាក់លក់បញ្ចុះតម្លៃចាប់ពី១០%ដល់៥០% ។
ថ្លែងបើកពិព័រណ៍កុមារ និងគ្រួសារលើកទី៦ ឆ្នំា២០១៩នេះ លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុនអនុស្សាបានមានប្រសាសន៍ថា ពិព័រណ៌កុមារ និងគ្រួសារលើកទី៦ដ៏ធំនេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនអនុស្សា ឧបត្ថម្ភធំដោយក្រុមហ៊ុនម្សៅទឹកដោះពពែ Kabrita និងសាលាអន្ដរជាតិសឹង្ហបុរី SCIA ហើយរំពឹងថា នឹងមានកុមារ និង មាតាបិតាប្រមាណជាង៣៥.០០០នាក់ចូលរួម ។
លោកនាយកប្រតិបត្តិបានលើកឡើងពីភាពចាំបាច់បំផុតរបស់មាតាបិតា ក្នុងការវិនិយោគ ពេលវេលាអប់រំកូនជាប្រចាំ ដើម្បីកសាងមូលដ្ឋានអនាគតកុមារ ដោយលោកបានចែករំលែកពីលក្ខខណ្ឌសំខាន់បីដែលកុមារត្រូវការ ដើម្បីការរីកចម្រើននៅថ្ងៃអនាគត ដែលមានការគិតត្រូវ ការខិតខំប្រឹងប្រែង និង សារជាតិជាមនុស្សល្អ (Head, Hand, Heart) ។ គិតត្រូវសំដៅដល់ការយល់ឃើញថា ខ្លួនឯងជាអ្នកគ្រប់គ្រងជីវិត និងទទួលខុសត្រូវលើជោគវាសនាខ្លួនឯង មិនមែនជឿលើកម្មជាតិមុន ព្រះ ឬរបស់នៅក្រៅខ្លួននោះទេ ។ ប្រឹងប្រែងសំដៅដល់ឥរិយាបថវិជ្ជមានដែលមានការខិតខំរៀនសូត្រជាប់ជាប្រចាំ ការប្រឹងប្រែងធ្វើការមិនខ្លាចនឿងហត់ ភាពមិនខ្ជឹលច្រអូសដេកចាំតែផល និង ភាពជាមនុស្សល្អសំដៅដល់ភាពស្មោះត្រង់ ស្វាមីភ័ក្ត្រ ការចែករំលែក ភាពកត្តញ្ញូ និងការមិនគិតតែពីខ្លួនឯង ។
លោក Ismail Abdul Samat នាយកបឋមសិក្សា និង លោកស្រី Ivy Toh នាយករងនៃការអប់រំកម្រិតក្រោមបឋមសិក្សារបស់សាលាអន្ដរជាតិ SCIA បានបញ្ជាក់ថា ក្នុងឆ្នាំថ្មីនេះ សាលាអន្តរជាតិ SCIA នឹងនាំជូនសកម្មភាពកម្សាន្តបែបអប់រំយកមកបង្ហាញក្នុងពិព័រណ៍កុមារលើកទី៦ ដែលសកម្មភាពទាំងនោះ នឹងឆ្លុះបញ្ចាំងអំពីកម្មវិធីសិក្សាអន្តរជាតិដែលល្អផ្តាច់គេរបស់ SCIA គឺ STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ការអភិវឌ្ឍភាពជាសហគ្រិន និងភាពជាអ្នកដឹកនាំ ។ សកម្មភាពកម្សាន្ត និងការធ្វើពិសោធដែលនឹងរៀបចំនៅស្តង់របស់យើង ក៏ឆ្លុះបញ្ចាំងពីវិធីសាស្ត្ររួមឆ្ពោះទៅរកការរៀនសូត្រនៅក្នុងវិស័យទាំង៥ ដែលគ្របដណ្តប់លើការយល់ដឹង សោភ័ណវិទ្យា សីលធម៌ រាងកាយ និងសង្គម ។
ជាមួយគ្នានេះ លោក ថុន វុត្ថា ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន LMM Distribution Co.,Ltd បានបន្ថែមថា “សម្រាប់ពិព័រណ៍កុមារឆ្នាំថ្មីនេះ ក្រុមហ៊ុនរបស់លោក នឹងនាំយកនូវម្សៅទឹកដោះពពែ Kabrita សម្រាប់តាំងបង្ហាញដល់អ្នកចូលរួមទាំងអស់អោយបានស្គាល់ពីម្សៅទឹកដោះពពែថ្មីនេះ ដែលផ្សំឡើងពីរូបមន្តអាហាររូបត្ថម្ភពេញលេញនិងមានសុវត្ថិភាពខ្ពស់ ស្តង់ដាគុណភាពខ្ពស់ពីប្រទេសហូល្លង់១០០% ហើយបច្ចុប្បន្ននេះម្សៅទឹកដោះពពែ Kabrita មានលក់នៅបណ្តាលប្រទេសជាច្រើនដូនជា ហូល្លង់ សហរដ្ឋអាមេរិក អង់គ្លេស រុស្ស៊ី ចិន និងសិង្ហបុរី ៕ម.ន





