ភ្លើងឆេះវិឡាភ្លោះក្នុងបុរីពិភពថ្មី ខូចខាតទ្រព្យសម្បត្តិជាន់ក្រោមទាំងស្រុង

ភ្នំពេញ៖ អគ្គីភ័យឆាបឆេះវិឡាភ្លោះ ពេលដែលម្ចាស់ចាក់សោចោលរវល់ទៅផ្សារ ផ្អើលអ្នកជិតខាង សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅវិឡាភ្លោះ លេខ៦៨ ផ្លូវបេ បុរីពិភពថ្មី ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ខូចខាតអស់ទ្រព្យសម្បត្តិនៅជាន់ក្រោមទាំងស្រុង មិនដឹងថាមកពីមូលហេតុអ្វី។

តាមប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ម្ចាស់ផ្ទះវិឡាខាងលើផ្ទះចាក់សោ ហើយចាកចេញទៅផ្សារបាត់ ស្រាប់តែនៅវេលាម៉ោងខាងលើ ឃើញមានផ្សែងហុយចេញពីផ្ទះកើតហេតុ ខ្មួលខ្មាញ់ ទើបឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ច អាជ្ញាធរ មកជួយអន្តរាគមន៍។ ករណីខាងលើកើតឡើងភ្លាមៗ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងត្រូវបញ្ជូនដល់ទីតាំងកើតហេតុ សហការបាញ់ទឹកពន្លត់ភ្លើងឲ្យរលត់ទៅវិញ។ តាមការពិនិត្យជាក់ស្តែង សម្ភារ ទ្រព្យសម្បត្តិ ដែលមាននៅក្នុងផ្ទះជាន់ខាងក្រោម ត្រូវបានក្លាយជាចំណីអគ្គីទាំងអស់គ្មានសល់ ចំណែកជាន់ខាងលើ ភ្លើងមិនឆេះដល់ ដោយសារ បាញ់ទឹកគ្រប់គ្រងបាន គ្រាន់តែផ្សែងហុយប្រឡាក់រោលខ្មៅតែប៉ុណ្ណោះ។

គ្រោះអគ្គិភ័យខាងលើនេះ មិនទាន់សន្និដ្ឋានច្បាស់ថា មកពីឆ្លងចរន្ត ទុស្សេខ្សែភ្លើង ទុស្សេឧបករណ៍ប្រើប្រាស់ដោយចរន្តភ្លើងនោះទេ ហើយម្ចាស់ផ្ទះអះអាងថា ភ្លើងកន្លែងកុងម៉ាមិនបានដោតចោល ចង្ក្រានឆ្នាំងដាំបាយក៏មិនទាន់ដាក់ដាំដែរ ទើបមិនទាន់ហ៊ានសន្និដ្ឋាន មកពីអ្វីឲ្យច្បាស់ សមត្ថកិច្ចបន្តធ្វើការស្រាវជ្រាវ៕ម.ន

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner