យុវជនពីរនាក់រងរបួសធ្ងន់ស្រាល បន្ទាប់ពីជិះម៉ូតូទៅបុករថយន្តកំពុងឆ្លងផ្លូវ
ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បើករថយន្តមួយគ្រឿងបត់ឆ្វេងដៃ ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវបានយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុកចំកាងខាងមុខចំហៀងខាងស្តាំដួលបោកនឹងថ្នល់រងបួសបាក់ជើងម្នាក់ និងម្នាក់ទៀតរងរបួសស្រាល។ ហេតុការនេះ កើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ចំណុចរបងមន្ទីពេទ្យកុមារជាតិ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី កែងនឹងផ្លូវ២៥៧ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសវ័យចំណាស់ម្នាក់បើករថយន្តហាយលេនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2Z-2105 ធ្វើដំណើរតាមបណ្តោយផ្លូវសហពន្ធ័រុស្សី ទិសដៅពីកើតទៅលិច។

លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងដៃឆ្លងមកផ្លូវ២៥៧ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1G-1670 ជិះដោយយុវជនពីរនាក់បញ្ច្រាស់ទិសដៅគ្នាពីលិចទៅកើតចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុកចំកាងរថយន្តខាងមុខចំហៀងខាងស្តាំ ដួលបោកនឹងថ្នល់ បណ្តាលយុវជនម្នាក់អង្គុយនៅខាងក្រោយ រងរបួសបាក់ជើងឆ្វេងម្ខាង ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ក្លីនីកហុងហាក់ដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែកយុវជនម្នាក់ទៀតជាអ្នកបើបររងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះមកដល់ដោយភាគីទាំងសងខាងសូមសមរ្របសម្រួលគ្នា ដោយខាងភាគីខាងរថយន្តបានចេញសំណងចំនួន៥០០ដុល្លារទៅឲ្យខាងភាគីម៉ូតូដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង៕
