សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ឥណ្ឌូនេស៊ីបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមស្វែងរកសន្តិភាពរបស់កម្ពុជា

សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាទីក្រុងសៀមរាប បានជួបពិភាក្សាការងារជាមួយឯកឧត្តម ម៉ូហាម៉េដ យូសុហកាឡា អនុប្រធានាធិបតីឥណ្ឌូនេស៊ី និងជាសហប្រធានកិត្តិយស នៃក្រុមប្រឹក្សាវប្បធម៌ អាស៊ី នៅព្រឹកថ្ងៃទី១៦ ខែមករា។ បើតាមប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនេះ ឯកឧត្តម មហាម៉ាត់ បានសំដែងនូវការអបអរសាទរចំពោះកម្ពុជា ដែលបានរៀបចំ ព្រឹត្តិការណ៍ APPF និងព្រឹត្តិការណ៍ ACC បានទទួលជោគជ័យយ៉ាងត្រចះត្រចង់នាពេលកន្លងទៅនេះ។

ឯកឧត្តម ម៉ូហាម៉េដ បានថ្លែងអំណរគុណចំពោះសម្តេចតេជោ និងព្រះរាជាណាចក្រកម្ពុជា ដែលបានទទួល រាក់ទាក់ស្វាគមន៍ក្នុងការទទួលប្រតិភូរបស់ឯកឧត្តម។ ក្នុងន័យនេះ ឯកឧត្តមក៏បានជម្រាបជូនសម្ដេចផងដែរថា ឯកឧត្តមបាន ដឹកនាំគណៈប្រតិភូមកកាន់កម្ពុជា ដើម្បីចូលរួមក្នុងកម្មវិធីទាំងពីរ គឺ APPF និង ACC និងដើម្បីមករៀនសូត្រ និងពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តម មានប្រសាសន៍ផងដែរថា នេះគឺជាសកម្មភាព មួយ ដើម្បីឆ្លុះបញ្ចាំង និងចូលរួមធ្វើយ៉ាងណា ពង្រឹងទំនាក់ទំនងរបស់ប្រទេសទាំងពីរ នៅក្នុងខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងការទូត៦០ឆ្នាំ រវាងប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះប្រតិភូរបស់ឥណ្ឌូនេស៊ី ដែលបានចូលរួមក្នុងកិច្ចប្រជុំទាំងពីររបស់កម្ពុជា។ សម្ដេចបានបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺមានទំនាក់ទំនងល្អ និងជាទីមោទនៈផងដែរ។ សម្តេចបានបន្តថា ឥណ្ឌូនេស៊ី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមស្វែងរកសន្តិភាពរបស់កម្ពុជា នាពេលនោះឥណ្ឌូណេស៊ី បានដឹកនាំកិច្ចប្រជុំជីម១ និងជីម២ នៅប្រទេសឥណ្ឌូណេស៊ី ក៏ដូចជាធ្វើជា សហប្រធាន នៃសន្និសីទក្រុងប៉ារីសផងដែរ។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនឥណ្ឌូនេស៊ី ដែលកន្លងមក បានជួយដល់កម្ពុជាក្នុងការស្វែងរកសន្តិភាព និងជួយដល់កម្ពុជា ជាពិសេសនិស្សិតកម្ពុជា ដែលបានទៅរៀននៅឥណ្ឌូនេស៊ី ហើយបានត្រលប់មកធ្វើការបម្រើប្រទេសជាតិ។

ឆ្លៀតឱកាសនោះ សម្តេចតេជោក៏បានថ្លែងអំណរគុណជាថ្មីម្តងទៀត ជូនចំពោះអារម្មណ៍មហាម៉ាត់ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ធ្វើឲ្យការរៀបចំចាប់ផ្ដើមក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅទីក្រុងសៀមរាបនេះ ទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់៕

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner