ស្ត្រីម្នាក់សង្ស័យបែកថ្នាំ ដើរបីកូនក្រវីក្រវាត់ពេញផ្លូវ ត្រូវបានប្រជាពលរដ្ឋឃាត់ប្រគល់ជូនសមត្ថកិច្ច
ភ្នំពេញ៖ ស្ត្រីមានវ័យប្រមាណជាង៣០ឆ្នាំម្នាក់សង្ស័យបែកថ្នាំដល់កម្រិត បានដើរបីកូនប្រុសម្នាក់អាយុប្រមាណ២ឆ្នាំ ក្រវីក្រវាត់តាមដងផ្លូវ និងបម្រុងបោះកូនចូលក្រោមរថយន្តដែលកំពុងបើកបរតាមដងផ្លូវ ត្រូវបានប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវឃើញបាននាំគ្នាឃាត់ខ្លួនទុកប្រគល់ជូនសមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចគល់ស្ពានអាកាស៧មករា តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមសម្តីលោកពូម្នាក់ដែលឆ្លងកាត់ឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា រូបគាត់បានជិះម៉ូតូតាមបណ្តោយផ្លូវសហពន្ធ័រុស្សីទិសដៅពីលិចទៅកើត ស្រាប់តែឃើញស្ត្រីខាងលើ ដើរនៅខាងមុខរេរ៉ពេញផ្លូវ និងឃើញបីកូនប្រុសម្នាក់ទៀត ក្រវីក្រវាត់ និងបម្រុងបោះកូនឲ្យចូលរថយន្តទៀតផង។ គាត់ឃើញដូច្នោះ បានជិះម៉ូតូតាមពីក្រោយរហូតមកដល់ចំណុចកើតខាងលើ គាត់ក៏ដូចប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវឃើញសភាពមិនស្រួល ក៏បានឈប់ម៉ូតូរួចនាំគ្នាជួយចាប់យកដាក់គៀនចិញ្ចើមផ្លូវ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានផងដែរ។
បន្ទាប់មកសមត្ថកិច្ចបានចុះមកដល់ និងមានប្រជាពលរដ្ឋនៅនឹងកន្លែងកើតហេតុ បាននាំគ្នាជួយចាប់ដើម្បីឲ្យស្ត្រីខាងនោះនៅឲ្យស្រៀម តែស្ត្រីរូបនោះ បានរើបម្រះធ្វើសមត្ថកិច្ច និងប្រជាពលរដ្ឋចាប់មិនចង់ឈ្នះ ទើបសមត្ថកិច្ចបានទំនាក់ទំនងទៅខាងក្រសួងសង្គមកិច្ចឲ្យមកយកស្ត្រីខាងលើនោះតែម្ដង៕