អាជីវករជាង៥០នាក់ ស្នើសុំឲ្យជួយរកទីតាំងប្រកបរបរមុខរោងចក្រតាមផ្លូវជាតិលេខ៥ ក្រោយគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ហាមឃាត់លក់ដូរលើទ្រូងផ្លូវ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្រុមប្រជាអាជីវករជាង៥០នាក់ បាននាំគ្នាមកដល់សាលាខណ្ឌឬស្សីកែវ ក្នុងបំណងសុំជួបលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ តំណាងលោក ជា ពិសី អភិបាលខណ្ឌ ដើម្បីស្នើសុំឲ្យជួយអន្តរាគមន៍រកទីតាំងសម្រាប់ប្រកបរបរទទួលទាន ដូចជាលក់បាយ សម្ល ប្រហិតចៀនជាដើម។ ពោលគឺលក់គ្រឿងឧបភោគបរិភោគ ក្នុងការផ្គត់ផ្គង់ដល់កម្មករ-កម្មការិនីរោងចក្រស្ប៉ូធិច រោងចក្រអេម៊ីធីន និងរោងចក្រ៣ជាន់ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឬស្សីកែវ និងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ការមករកស្នើសុំជួបអាជ្ញាធរខណ្ឌឬស្សីកែវឲ្យបានរបស់ក្រុមអាជីវករនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីកម្លាំងសមត្ថកិច្ចសណ្ដាប់ធ្នាប់ និងប្រជាការពារខណ្ឌ កំពុងបំពេញកាតព្វកិច្ចរៀបចំសម្រួលចរាចរណ៍ បានឃើញពួកគាត់ទាំងអស់គ្នាលក់ដូរពេញលើចិញ្ចើមផ្លូវសាធារណៈ ដែលធ្វើឲ្យបាត់បង់របៀបរៀបរយ បង្កឲ្យមានការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ នាចំណុចខាងលើ ដោយណែនាំជាច្រើនលើពុំស្ដាប់ ទើបឃាត់ដកហូតយកសម្ភារកៅអី និងតុលក់ដូរមួយចំនួនមករក្សាទុកដើម្បីអប់រំ។

ទោះបីយ៉ាងណា ពួកគាត់ជាអាជីវករជាង៥០នាក់ ទាំងឈរ និងអង្គុយរង់ចាំជួបនូវមួយសន្ទុះក្រោយ ក៏បានជួបដូចបំណងជាមួយលោក ប្រាជ្ញ សីហា នៅក្នុងសាលប្រជុំមួយ ដើម្បីជជែកគ្នារកដំណោះស្រាយល្អមួយ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ចៀសវាងការយកចិញ្ចើមផ្លូវមកលក់ដូរ ដែលបង្កទៅជាការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ និងធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។

ក្នុងជំនួបខាងលើនេះ លោក ប្រាជ្ញ សីហា បានថ្លែងថា តាមការស្នើសុំរបស់បងប្អូនអាជីវករ គឺដើម្បីបន្តប្រកបរបរលក់ដូរតាមបណ្ដោយផ្លូវជាតិលេខ៥ ខាងមុខអែបរបងរោងចក្រស្ប៉ូធិច រោងចក្រអេម៊ីធីន និងរោងចក្រ៣ជាន់ ដែលជាទីតាំងចាស់នោះ គឺមិនអាចអនុញាតឲ្យបានឡើយ ព្រោះអាចរំកិលមកលើទ្រូងផ្លូវដដែលជាដដែលទេ ខណៈពេលដែលកម្មករ កម្មការិនីចេញពីរោងចក្រ មករកបាយហូប និងសម្រាកនោះ តែដោយសារបងប្អូនអាជីវករ មិនមានមុខរបរអ្វីផ្សេងទៀត ក្រៅពីមុខរបរលក់ដូរទាំងនេះ ទើបលោកសម្រេច និងព្យាយាមទំនាក់ទំនងទៅខាងរោងចក្រ ដើម្បីស្នើសុំឲ្យទៅលក់ដូរនៅខាងក្នុងរោងចក្រវិញ ដោយពុំទាន់ដឹង ថាបានឬក៏មិនបាននោះទេ។

លោក ប្រាជ្ញ សីហា បានថ្លែងទៀតថា តែបើការស្នើសុំទៅខាងភាគីរោងចក្រសម្រាប់ឲ្យបងប្អូនអាជីវករទាំងអស់លក់ដូរមិនបានទៀតនោះ លោកក៏មិនហ៊ានអនុញ្ញាតឲ្យលក់ដូរនៅកន្លែងចាស់បានទៀតដែរ គឺមានតែរកទីតាំងផ្សេងទៀតប៉ុណ្ណោះ ព្រោះជាដីចំណីផ្លូវសាធារណៈរបស់រដ្ឋ គ្មានអ្នកណាមានសិទ្ធិមកបំពានបានទេ តែនៅមានមធ្យោបាយមួយទៀតជាដំណោះស្រាយបណ្ដោះអាសន្ន ដែលអាចសុំទៅផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ និងនៅអែបជញ្ជាំងរោងចក្រមានការចាក់ខឿនបេតុងខ្ពស់ និងមានគម្លាតចេញបានដល់ទៅ២ម៉ែត្រ អាចទុកមួយម៉ែត្រសម្រាប់លក់ដូរបាន និង១ម៉ែត្រនៅសល់ អាចធ្វើដំណើរចេញចូលទិញចំណីអាហារបានយ៉ាងងាយស្រួល តែហាមដាច់ខាតរឿងមកលក់ដូរនៅលើទ្រូងផ្លូវ នឹងមានវិធានការរដ្ឋបាលតាមច្បាប់មិនខានឡើយ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner