អាជ្ញាធរឥណ្ឌូណេស៊ីអះអាងថា រកឃើញប្រអប់ខ្មៅទីពីរនៃយន្តហោះ Lion Air ហើយ

ឥណ្ឌូណេស៊ី៖ ប្រអប់ខ្មៅទីពីររបស់យន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ ឡាយអិន អ៊ែរ ដែលបានធ្លាក់នៅសមុទ្រជ្វាភាគខាងលិចប្រទេសឥណ្ឌូណេស៊ី កាលពីចុងខែតុលា ឆ្នាំ២០១៨កន្លងទៅ ទីបំផុតត្រូវបានក្រុមជំនាញរកឃើញហើយ។

ដំណឹងនេះ ត្រូវបានប្រកាសឲ្យដឹងពីសំណាក់អ្នកនាំពាក្យក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ី លោក ហេងគី អាំងកាសាវ៉ាន ដោយវាគឺជាប្រអប់ខ្មៅមានផ្ទុកនូវខ្សែអាត់សំឡេងសន្ទនាក្នុងបន្ទប់របស់អ្នកបើកយន្តហោះ និងត្រូវបានរកឃើញដោយក្រុមអ្នកមុជទឹកនាព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ។

សូមរំលឹកថា យន្តហោះជើងហោះហើរ JT610 នៃក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកឥណ្ឌូណេស៊ី ឡាយអិន អ៊ែរ បានដាច់ការទាក់ទង បន្ទាប់ពីវាបានហោះចាកចេញពីរដ្ឋធានីហ្សាការតា ដើម្បីឆ្ពោះទៅកាន់ទីក្រុង ផាំងកាល់ ភីណាង បាន១៣នាទី និងធ្វើឱ្យមនុស្ស១៨៩នាក់ដែលធ្វើដំណើរលើនោះបាត់បង់ជីវិត ហើយវាគឺជាករណីធ្លាក់ដំបូងបង្អស់នៃយន្តហោះស៊េរីថ្មី ប៊ូអ៊ីង ៧៣៧ម៉ិច ដែលលក់ដាច់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន ប៊ូអ៊ីង៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner