លោក ម៉ៃ ប៉ុមប៉េអូ៖ សហរដ្ឋអាម៉េរិកនឹងស្វែងរកឃាតករសម្លាប់អ្នកកាសែតលោក ខាហ្សូកជី ឲ្យទទួលខុសត្រូវ
សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ នៅថ្ងៃអាទិត្យម្សិលមិញ បានថ្លែងថា ប្រទេសរបស់លោកនឹងស្នើឲ្យព្រះរាជបុត្រទាយាទ អារ៉ាប៊ីសាអូឌីត Mohammed Bin Salman ធានាថា អ្នកដែលធ្វើឃាតអ្នកកាសែតអារ៉ាប៊ីសាអូឌីត លោក ចាម៉ាល់ ខាហ្សូកជី ទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មរបស់ខ្លួន។

ក្នុងអំឡុងជំនួបនៅក្នុងទីក្រុង ដូហា ជាមួយនឹងរដ្ឋមន្រ្តីការបរទេសកាតា លោក ប៉ុមប៉េអូ បានបន្តថា យើងនឹងបន្តសន្ទនាជាមួយនឹងព្រះរាជបុត្រទាយាទ និងបណ្តាមេដឹកនាំអារ៉ាប៊ីសាអូឌីត អំពីការធានាថា នឹងមានការទទួលខុសត្រូវចំពោះមរណភាពដែលពិបាកទទួលយកចំពោះលោក ចាម៉ាល់ ខាហ្សូកជី។ សូមរំលឹកថា លោក ខាហ្សូកជី ត្រូវបានសម្លាប់នៅពេលដែលលោកចូលទៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីខែតុលា កន្លងទៅនេះ។

ក្រោយបញ្ចប់ការបំពេញទស្សនកិច្ចនៅប្រទេសកាតា ប្រមុខដឹកនំាអាម៉េរិករូបនេះ បានបន្តដំណើរទៅកាន់ទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីលោកបានឈប់សំចតនៅក្នុងប្រទេសហ្សកដានី អ៊ីរ៉ាក់ អេហ្ស៊ីប បារ៉ែន និងប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងអំឡុងពេលនៃទស្សនកិច្ចរយៈពេលមួយសប្តាហ៍ពេញរបស់លោកទៅកាន់តំបន់មជ្ឈិមបូព៌ា៕

