ក្រសួងពាណិជ្ជកម្មថៃគ្រោងបញ្ជូនជំនួយជាស្បៀងអាហារ និងសម្ភារៈចាំបាច់ ដល់ជនរងគ្រោះ ដោយសារព្យុះត្រូពិច Pabuk

ថៃ៖ ក្រសួងពាណិជ្ជកម្មថៃកំពុងត្រៀមរៀបចំយានជំនិះដឹកស្បៀងអាហារ ដូចជាអង្ករ ស៊ុត ប្រេង ត្រីខ មីកំប៉ុង និងឧបករណ៍សំខាន់ៗ សម្រាប់ផ្តល់ជូនជនដែលរងគ្រោះ ដោយសារព្យុះត្រូពិច Pabuk នៅតាមតំបន់ភាគត្បូងប្រទេស ។

រដ្ឋមន្រ្តីពាណិជ្ជកម្មថៃលោក សាន់ទីរ៉ាត់ សាន់ទីជីរ៉ាវុង (Sontirat Sontijirawong) បានឲ្យដឹងថា ប្រជាពលរដ្ឋអាចស្វែងរកកញ្ចីបន្ថែម និងកញ្ចីថ្មីពីធនាគារ Government Housing Bank (GHB) បានថែមទៀត ដើម្បីសាងសង់លំនៅឋានថ្មី បើសិនជាផ្ទះរបស់ពួកគេត្រូវបានបំផ្លាញទាំងស្រុងដោយគ្រោះធម្មជាតិ ។

ជាមួយគ្នានេះ ធនាគារ Government Housing Bank (GHB) ដែលបង្កើតឡើងដោយអតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ក៏បានផ្តល់កញ្ចប់ឥណទានទំហំ១ពាន់លានបាត ស្មើនឹងជាង៣១លានដុល្លារ សម្រាប់ប្រជាជនដែលលំនៅឋានបានរងការខូចខាតដោយសារព្យុះ Pabuk ផងដែរ ។

សួមបញ្ជាក់ថា ព្យុះត្រូពិច Pabuk ខាងលើនេះ បានឆក់យកអាយុជីវិតមនុស្ស០៤នាក់ និងបង្ខំឲ្យរាប់ពាន់នាក់ជម្លៀសខ្លួនជាពីផ្ទះសម្បែង ខណៈអាជ្ញាធរឧតុនិយមថៃ បានឲ្យដឹងថា វាគឺជារឿងចម្លែកខ្លាំងមួយ ដែលព្យុះត្រូពិចបានបោកបក់មកចំប្រទេសថៃបែបនេះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner