ទីក្រុងប៉េកាំងអះអាងជាថ្មីអំពីការការពារសិទ្ធិស្របច្បាប់របស់ពលរដ្ឋបរទេស ក្រោយសហរដ្ឋអាម៉េរិកព្រមានប្រជាជនខ្លួនក្នុងការធ្វើដំណើរទៅកាន់ប្រទេសចិន

ចិន៖ រដ្ឋាភិបាលក្រុងប៉េកាំងតែងតែស្វាគមន៍ជនបរទេសទាំងអស់ជានិច្ច ដោយក្នុងនោះរួមមានពលរដ្ឋអាម៉េរិកផងដែរ សម្រាប់ការធ្វើដំណើរមកកាន់ទឹកដីប្រទេសចិន ហើយក៏តែងតែការពារនូវសុខសុវត្ថិភាព និងសិទ្ធិស្របច្បាប់របស់ពួកគេ ដូចជាសេរីភាពក្នុងការចេញ និងចូល។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក លូ កាង បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងថ្ងៃសុក្រម្សិលមិញ នាអំឡុងសន្និសិទសារព័ត៌មានខ្លីមួយ ដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងប្រទេសចិន ដែលជំរុញឱ្យពលរដ្ឋរបស់ខ្លួនបង្កើនការប្រុងប្រយ័ត្នខ្ពស់ នៅពេលធ្វើដំនើរទៅកាន់ប្រទេសចិន។

សូមរំលឹកថា កាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ ក្រសួងការបរទេសអាម៉េរិក បានចេញការព្រមានជាថ្មីដល់ពលរដ្ឋអាម៉េរិកអំពីការធ្វើដំណើរនៅប្រទេសចិន ដោយជំរុញពលរដ្ឋអាម៉េរិកឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយគោរពតាមច្បាប់ក្នុងស្រុក។

ការព្រមានអំពីការធ្វើដំណើរនេះ បានកើតឡើងចំពេលមានភាពតានតឹងផ្នែកការទូតខ្លាំងឡើង ដោយសារការចាប់ខ្លួននាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននៅប្រទេសកាណាដា ជាហេតុនាំឲ្យអាជ្ញាធរចិនបានចាប់ខ្លួន លោក Michael Kovrig ជនជាតិកាណាដា ជាអតីតអ្នកការទូត និងជាទីប្រឹក្សារបស់ក្រុមអ្នកជំនាញដោះស្រាយវិបត្តិអន្តរជាតិ និងលោក Michael Spavor ជាពាណិជ្ជករកាណាដា  ដោយចិននិយាយថា បុរសទាំង២នាក់ត្រូវបានសង្ស័យថា បានគំរាមកំហែងដល់សន្តិសុខជាតិ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner