កម្ពុជាប្រកាសដំណើរការ Mobile App ចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អ ក្នុងវិស័យទេសចរណ៍ និងច្រកទ្វារអន្តរជាតិ
ពិធីប្រគល់ជ័យលាភីបដិសណ្ឋារកិច្ចល្អ ក្នុងវិស័យទេសចរណ៍លើកទី១ ឆ្នាំ២០១៨ អមជាមួយប្រកាសដាក់ឱ្យអនុវត្តកម្មវិធីទូរសព្ទ (Mobile App) ចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អ ក្នុងវិស័យទេសចរណ៍ និងច្រកទ្វារអន្តរជាតិ ដែលមានឈ្មោះថា «Hospitality-Tourism & Border» បានធ្វើពិធីប្រកាសការប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អ ក្នុងវិស័យទេសចរណ៍លើកទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅសណ្ឋាគារភ្នំពេញ។

ក្នុងពិធីនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានផ្ដល់អនុសាសន៍ធំៗចំនួន ៤ចំណុច រួមមាន៖
អនុសាសន៍ទី១) ការចូលរួមចលនាប្រឡងប្រណាំងបដិសណ្ឋរកិច្ចល្អក្នុងវិស័យទេសចរណ៍ ជាកាតព្វកិច្ច៖ មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវចូលរួមចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អជាកាតព្វកិច្ច ពីព្រោះថាបដិសណ្ឋារកិច្ចល្អជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ហើយបដិសណ្ឋារកិច្ចល្អជាអត្តសញ្ញាណរបស់ប្រជាជនកម្ពុជា។

អនុសាសន៍ទី២) បន្ដពង្រឹងការបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចល្អ ឱ្យកាន់តែសកម្មដោយត្រូវផ្សារភ្ជាប់នឹងការប្រើប្រាស់ Service Charge ក្រសួងទេសចរណ៍ បានដាក់ចេញនូវសារាចរណែនាំស្ដីពីការអនុវត្តកម្រៃសេវាបូកបន្ថែមលើការចំណាយរបស់អតិថិជន ដោយមូលដ្ឋានអាជីវកម្មទេសចរណ៍ ដែលជាប់ជ័យលាភីបដិសណ្ឋាកិច្ចល្អ ក្នុងវិស័យទេសចរណ៍ប៉ុណ្ណោះ ដែលអាចអនុវត្តការបូកបញ្ចូលកម្រៃសេវាបូកបន្ថែមលើការចំណាយរបស់អតិថិជនបាន ពីព្រោះថាកម្រៃដែលទទួលបាននេះ គឺជាការលើកទឹកចិត្តដោយភ្ញៀវទេសចរដល់បុគ្គលិក ដែលបានបម្រើសេវាប្រកបដោយបដិសណ្ឋារកិច្ចជូនពួកគាត់។

អនុសាសន៍ទី៣) បង្កើនការបញ្ជ្រាបការយល់ដឹងជាសាធារណៈ ឱ្យកាន់តែទូលាយពីការអនុវត្ត និងបទពិសោធន៍ល្អៗរបស់ជ័យលាភីមូលដ្ឋានអាជីវកម្មទេសចរណ៍ និងការរៀបចំបទដ្ឋានគតិយុត្តិគាំទ្រ៖ ឯកឧត្តមបានស្នើឱ្យអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងសមាគមន៍ ក្នុងឧស្សាហកម្មទេសចរណ៍ទាំងអស់ ត្រូវរៀបចំជាបទយកការណ៍ និងវីដេអូផ្សព្វផ្សាយនានាឱ្យបានច្រើនថែមទៀត។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានស្នើឱ្យមូលដ្ឋានអាជីវកម្មទេសចរណ៍ ពិសេសសមាគម ក្នុងឧស្សាហកម្មទេសចរណ៍ ត្រូវតែខិតខំរៀបចំឱ្យមានក្រមសីលធម៌ និងក្រមប្រតិបត្តិវិជ្ជាជីវៈ សម្រាប់សេវានីមួយៗ ពីព្រោះថាការអនុវត្តក្រមសីលធម៌ និងក្រមប្រតិបត្តិវិជ្ជាជីវៈ គឺជាផ្នែកមួយនៃសូចនាករនៃ «គោលការណ៍ណែនាំបដិសណ្ឋារកិច្ចល្អ ក្នុងវិស័យទេសចរណ៍» និងកំណត់ដោយច្បាប់ស្តីពីទេសចរណ៍។

អនុសាសន៍ទី៤) ជាមួយនឹងនិន្នាការថ្មីៗ ពិភពលោកទាំងមូលកំពុងតែចាប់អារម្មណ៍ខ្លាំង និងត្រៀមលក្ខណៈសម្បត្តិសម្រាប់ សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤(៤.០) ដែលជាកត្ដាគន្លឹះមួយកំណត់នូវនិន្នាការវិវត្តនៃសង្គម សេដ្ឋកិច្ចក្នុងគ្រប់ទិដ្ឋភាព។ ក្នុងបរិបទនេះ វិស័យទេសចរណ៍កម្ពុជាគ្មានជម្រើសណាផ្សេង ក្រៅពីការប្រែក្លាយខ្លួនពីការប្រើប្រាស់ការអនុវត្តការងារផ្សេងៗ និងផ្សព្វផ្សាយតាមបែបប្រពៃណីទៅជាការអនុវត្តការងារ និងផ្សព្វផ្សាយតាមបែបទំនើរឌីជីថល ដែលជាកាលានុវត្តថ្មីរបស់កម្ពុជាចាប់យកនូវប្រយោជន៍ ដែលកើតចេញពីបដិវត្តន៍ឧស្សាហកម្មទី៤នេះ។

សូមបញ្ជាក់ថា កន្លងមក ក្នុងកំណែទម្រង់លើការបណ្តុះបណ្តាលធនធានមនុស្សក្រោមទស្សនទាន «បុគ្គលិកម្នាក់ ជំនាញមួយ» ក្រសួងទេសចរណ៍បានដាក់ចេញ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជំនាញបដិសណ្ឋារកិច្ច ២០១៧-២០២០ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ២០១៧-២០២៥ សំដៅចូលរួមបង្កើតការងារយូរអង្វែងដល់យុវជនបញ្ចប់ការសិក្សាផ្តល់ការអភិវឌ្ឍជំនាញបន្ថែមដល់អ្នកកំពុងបម្រើការងារ បង្កើនកាលានុវត្តភាពការងារក្នុងប្រទេស និងក្នុងតំបន់ ដោយផ្តោតលើការអប់រំបណ្តុះបណ្តាលផ្នែកចំណេះដឹង ជំនាញឥរិយាបទ និងចក្ខុវិស័យ «នៅឆ្នាំ២០២៥ កម្ពុជានឹងមានអ្នកជំនាញទេសចរណ៍ ដែលមានសមត្ថភាពខ្ពស់ ប្រកបដោយភាពច្នៃប្រឌិត និងគំនិតបង្កើតថ្មី បម្រើការងារក្នុង ឬក្រៅតំបន់អាស៊ាន ចូលរួមពង្រឹងឧត្តមភាពប្រកួតប្រជែង និងបង្កើនមូលធនមនុស្សក្នុងវិស័យទេសចរណ៍ ស្របតាមតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងទីផ្សារការងារ»៕

