លោក ថេង សុថុល អភិបាលរងខណ្ឌច្បារអំពៅ ចុះជម្រាបអាជីវករផ្សារស្តីពីតម្លៃភ្លើងចុះនៅដើមឆ្នាំ២០១៩នេះ
នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងបរិវេណផ្សារច្បារអំពៅ ក្រុមការងាររបស់សាលាខណ្ឌច្បារអំពៅដែលដឹកនាំដោយលោក ថេង សុថុល អភិបាលរង និងមានការចូលរូមពីសំណាក់ប្រធានផ្សារទាំងពីរគឺលោក សាន់ ប៊ុណ្ណា និងលោក គួច ចំណាន រួមទាំងក្រុមការងារគណៈកម្មាធិការផ្សារ បានចុះទៅជួបជាមួយនឹងអាជីវករផ្សារក្នុងគោលបំណងជម្រាបជូនស្តីពីការដែលរាជរដ្ធាភិបាលបានបញ្ចុះតម្លៃភ្លើងនៅដើមខែមករាឆ្នាំ២០១៩នេះ។

លោក ថេង សុថុល អភិបាលរងខណ្ដច្បារអំពៅបានឲ្យដឹងថា កាលពីពេលថ្មីៗនេះសម្តេចតេជោបានលើកឡើងដោយទាក់ទងទៅនឹងការបញ្ចុះតម្លៃភ្លើងជាផ្លូវការដោយចាប់តាំងពីដើមខែមករា ឆ្នាំ២០១៩ នេះតទៅហើយកាលពីមុនការប្រាស់ចរន្តអគ្គីសនីវាមានតម្លៃខ្ពស់បំផុតនៅលើទីផ្សារសេរី។ ក្នុង១គីឡូវ៉ាត់ម៉ោងតម្លៃ១៤០០ ទៅ១៥០០ រៀល ក្រោយពីការចុះពីតម្លៃខ្ពស់មកកម្រិតទាបក្នុងតម្លៃ៧៤០រៀលក្នុង១គីឡូវ៉ាត់ម៉ោង។

លោកបានបន្តថា ក្រោយពីបានទទួលនៅព័ត៌មានដែលទាក់ទងទៅនឹងរឿងភ្លើងនេះ បានធ្វើឲ្យបងប្អូនអាជីវករទាំងអស់ សារទរចំពោះចំណាត់ការដ៏ល្អប្រពៃនេះក្នុងគៅលបំណងជួយកាត់បន្ថយនៅភាពក្រីក្ររបស់ប្រជាពលរដ្ធ។ ទាក់ទិននឹងបញ្ហានេះដែរបងប្អូនទាំងអស់បានថ្លែងអបអរសាទរ និងជូនពរសព្វសាធុការពរចំពោះសម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសេចក្តីសុខគ្រប់ប្រការ។ ដោយៈ សុផល

