ជិះម៉ូតូលឿនជ្រុលទៅបុករ៉ឺម៉កម៉ូតូពីក្រោយ បណ្តាលឲ្យស្លាប់ម្នាក់
ភ្នំពេញ៖ យុវជនម្នាក់ រួមដំណើរនឹងនារីម្នាក់ទៀត បានជិះម៉ូតូយ៉ាងលឿនជ្រុលទៅបុករ៉ឺម៉កម៉ូតូពីក្រោយបណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងនារីរួមដំណើរសន្លប់ កាលពីវេលាម៉ោង១២និង៤០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចមុខហាងចិន ម៉ៅ កឺ ស្ថិតក្នុងភូមិក្បាលដំរី២ ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះ(សព) ឈ្មោះ ចឹក សារ៉ុម ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិ អំពិលក្តារ ឃុំ វាល់ពន់ ស្រុក ថ្ពង់ ខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មានពីអ្នកលក់បាយឆាក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយ គេឃើញជនរងគ្រោះទាំង២ បានជិះម៉ូតូ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិចយ៉ាងលឿន ហើយក៏ឃើញមានយុវជនមួយក្រុមជិះម៉ូតូ២គ្រឿង គ្នា៤នាក់ បានដេញពីក្រោយទំនងដេញវ៉ៃគ្នា ហើយយុវជនរងគ្រោះបើកលឿនដោយសារភ័យពេកបើករត់គេច វ៉ារ៉ឺម៉កម៉ូតូមួយគ្រឿង ហើយក៏ជ្រុលទៅបុករ៉ឺម៉ករ៉ឺម៉កម៉ូតូមួយគ្រឿងទៀត ពីក្រោយបណ្ដាលឲ្យក្រឡប់កង់បី និងដួលម៉ូតូរងរបួសស្ត្រីដែលជិះជាមួយសន្លប់ ចំណែកអ្នកបើកម៉ូតូបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ឃើញដូច្នោះម្ចាស់រ៉ឺម៉កម៉ូតូ ក៏ជិះគេចខ្លួនបាត់ស្រមោល ចំណែកនារីដែលជិះជាមួយជនរងគ្រោះ បានដឹងខ្លួន ក៏គេចចេញពីកន្លែងកើតហេតុបាត់ស្រមោលដែរ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ មកយកម៉ូតូទៅរក្សាទុក និងធ្វើកំណត់ ហេតុប្រគល់សាកសពជូនទៅសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕
