ប្រធានាធិបតីអាម៉េរិកនឹងមិនពិចារណាឡើងវិញ ទៅលើការដកទ័ពចេញពីប្រទេសស៊ីរីនោះទេ
សហរដ្ឋអាម៉េរិក៖ យោងតាមការបញ្ជាក់របស់នាយកខុទ្ទកាល័យស្តីទីរបស់លោក ដូណាល់ ត្រាំ បានឱ្យដឹងនៅថ្ងៃអាទិត្យ ម្សិលមិញថា លោកប្រធានាធិបតីនឹងមិនកែប្រែចិត្ត ចំពោះការដកកងកម្លាំងអាម៉េរិកចេញពីទឹកដីប្រទេសស៊ីរីនោះទេ។

នាយកខុទ្ទកាល័យស្តីទីរបស់លោក ដូណាល់ ត្រាំ គឺលោក Mick Mulvaney បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន ABC ក្នុងកម្មវិធី This Week ថា លោកគិតថា លោកប្រធានាធិបតីបានប្រាប់ដល់ប្រជាពលរដ្ឋតាំងពីដំបូងម៉្លេះថា លោកមិនចង់ដាក់កងកម្លាំងអាម៉េរិកក្នុងប្រទេសស៊ីរីជារៀងរហូតនោះទេ ហើយថា នេះគឺជាសមិទ្ធផលក្រោយពីការងាររបស់លោកបានដំណើរការអស់រយៈពេលពីរឆ្នាំ។

ពាក់ព័ន្ធនឹងរឿងដកទ័ពចេញពីទឹកដីស៊ីរីខាងលើ នៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង បាននិយាយថា រូបលោកមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ក្នុងការដកកងកម្លាំងអាម៉េរិកចេញពីប្រទេសស៊ីរីនោះ។

ប្រធានាធិបតីបារាំងរូបនេះ បានថ្លែងទៀតថា ជាសម្ព័ន្ធមិត្តនឹងគ្នា គឺត្រូវប្រយុទ្ធប្រកៀកស្មានឹងគ្នា ហើយលោកក៏សម្តែងការគោរពចំពោះរដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោក ជែម ម៉ាត់ទីស ដែលនឹងចេញពីតំណែង ដោយលោក ម៉ាក្រុង បានហៅលោក ម៉ាត់ទីស ថា ជាដៃគូដ៏គួរឲ្យទុកចិត្តមួយរូប៕
