បត់ម៉ូតូឆ្លងផ្លូវ គេចពីរថយន្តខាងមុខ បណ្តាលឲ្យដួលធ្វើឲ្យដៃម្ខាងចូលក្នុងយ៉ាន់កង់រថយន្តមួយគ្រឿងទៀត រងរបួសធ្ងន់
ភ្នំពេញ៖ នារីម្នាក់បានជិះម៉ូតូមួយគ្រឿងបត់ឆ្លងផ្លូង និងគេចពីររថយន្តមួយគ្រឿងបណ្តាលឲ្យដួល និងដៃម្ខាងចូលយ៉ាន់កង់ក្រោយរថយន្តមួយគ្រឿងទៀតដែលកំពុងបត់ឆ្លងផ្លូវដូចគ្នាបណ្តាលឲ្យរងរបួសដៃម្ខាងធ្ងន់ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩៩ កែងនិងផ្លូវលេខ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីម្នាក់ជិះម៉ូតូម៉ាកធូដេពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ1FH-3878 បានចុះពីលើស្ពានអាកាសស្ទឹងមាជ័យ តាមបណ្តោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូង លុះមកដល់កែងផ្លូវ១៩៩ ក៏បានបត់ឆ្វេងបានបន្តិចក៏បានគេចពីរថយន្តមួយគ្រឿងបណ្តាលដួលទៅលើថ្នល់ ពេលនោះក៏មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកអេស្កាលេត ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ01-2-0999 បើកបរដោយបុរសម្នាក់រួមដំណើរនឹងស្ត្រីម្នាក់ទៀតបញ្ច្រាស់គ្នា ទិសដៅពីត្បូងទៅជើងបានបត់ស្តាំចូលផ្លូវតែមួយ បណ្តាលឲ្យដៃឆ្វេងជនរងគ្រោះចូលក្នុងយ៉ាន់កង់រថយន្តផ្នែកខាងក្រោយរងរបួសធ្ងន់ បន្ទាប់មកត្រូវរថយន្តសង្គ្រោះបន្ទាន់មន្ទីពេទ្យរុស្ស៊ីដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ ហើយភាគីទាំងសងខាងបានសម្របសម្រួលគ្នា ដោយខាងភាគីខាងម្ចាស់រថយន្តបានប្រាប់ទៅអ្នកសារព័ត៌មានថា ខាងរថយន្តរបស់គាត់មិនខុសនោះទេ ឯខាងម៉ូតូនោះទេជាអ្នកខុស ព្រោះជិះមកដួលចូលកង់រថយន្តរបស់គាត់ដោយខ្លួនឯង តែដោយសាររូបគាត់មានកាអាណិតអាសូរ និងមានក្តីមេត្តាស្ត្រីរងគ្រោះ រូបគាត់ក៏បានជូនថ្លៃព្យាបាលរបួសចំនួន៦០០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕



