រថយន្តក្រឡុកស៊ីម៉ង់ត៍បើកគៀរម៉ូតូដួល និងកិនស្លាប់ម្នាក់ រងរបួសស្រាលម្នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យុវជនម្នាក់ បានបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីត្រូវបានរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងបើកគៀរ និងកិន ពេលដែលជនរងគ្រោះជិះម៉ូតូចេញពីផ្ទះមិត្តភក្តិត្រឡប់ទៅកន្លែងស្នាក់នៅវិញ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខសាលាបឋមសិក្សាហ៊ុន នាង ទួលទំពូង២ តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន ។

ជនរងគ្រោះជាម្ចាស់ម៉ូតូ (ស្លាប់) មានឈ្មោះ សុខ ស៊ីណាត ហៅ ប៊ូន ភេទប្រុស អាយុ១៨ឆ្នាំ មុរបរធ្វើការសំណង់ ស្នាក់នៅម្តុំបូរីរុងរឿង ខណ្ឌជ្រោយចង្វារ។ ចំណែកយុវជនធ្វើដំណើរជាមួយ រងរបួសស្រាល ឈ្មោះ ហុក ហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង ស្នាក់នៅជាមួយគ្នា។ អ្នកទាំងពីរជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មុំ1F-9180។

តាមសម្ដីជនរងគ្រោះដែលរងរបួសស្រាលបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគេទាំងពីរនាក់បានទៅលេងផ្ទះមិត្តភក្តិនៅម្តុំលូប្រាំរួចបានហូបចុកជាមួយគ្នាបន្តិចបន្តួច លុះនាំគ្នាហូបចុករួចហើយក៏បាននាំគ្នាទៅកន្លែងស្នាក់នៅវិញ ដោយធ្វើដំណើរតាមបណ្តោយផ្កូវ២៧១ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ5A-2181 ធ្វើដំណើរមកពីក្រោយហើយបានគៀរម៉ូតូរបស់ពួកគេបណ្តាលឲ្យដួលរួចកិនមិត្តភក្តិរបស់គេម្នាក់ជាអ្នកឌុបបែកក្បាលធ្លាយខួរស្លាប់ ចំណែករូបគេខ្ទាតចេញឆ្ងាយរងរបួសស្រាល។ ក្នុងនោះដែរតៃកុងរថយន្តបង្កបានឈប់ ហើយទុករថយន្តចោល និងរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួចក៏ដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំប្រគល់ជូនសាច់យកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner