ឃាត់ខ្លួនលោក ហែម បូរិទ្ធ ហៅឡាយអិន អតីតពិធីករទូរទស្សន៍ និងបក្ខពួក៣នាក់ ក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ុក ជាមួយនឹងគ្រឿងញៀនជាង១គីឡូក្រាម

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ប្រភពព័ត៌មានបញ្ជាក់ថា កាលពីវេលាម៉ោង២៖២០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែធ្នូ ស្ថិតនៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានការបើកប្រតិបត្តិការបង្ក្រាបដ៏ក្តៅគគុកមួយ លើករណីជួញដូរ និងរក្សាទុកគ្រឿងញៀនបានដោយជោគជ័យ ពីកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យទី៦នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់។

អ្វីដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ គឺជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់នេះ គឺលោក ហែម បូរិទ្ធ ហៅឡាយអិន ជាអតីតពិធីករទូរទស្សន៍ល្បីឈ្មោះមួយរូប និងដកហូតបានថ្នាំញៀនជាង១គីឡូក្រាម។ សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់ ទី១)ឈ្មោះ ហែម បូរិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ ជាពិធីករទូរទស្សន៍ (ឌីជេឡាយអិន) ស្នាក់នៅផ្ទះលេខ៦៣ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ទី២)ឈ្មោះ វ៉ា ស្រីណា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ទី៣)ឈ្មោះ អ៊ិន សាខន ភេទប្រុស អាយុ៥១ឆ្នាំ ស្នាក់ផ្ទះជួលលេខ៦A ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (មេក្លោង) និងទី៤)ឈ្មោះ ស៊ិន សំភ័ស្ត ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិ៤ សង្កាត់បឹងស្រឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ឈ្មោះនេះទើបចេញពីពន្ធនាគារ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន និងត្រូវជាក្មួយនាយករងមន្ទីរគ្រឿងញៀនម្នាក់ ហើយក៏ជាម្ចាស់អាវុធខ្លី១ដើមផងដែរ។

ប្រភពព័ត៌មានដដែលបន្តថា ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើនេះ សមត្ថកិច្ចដកហូតវត្ថុតាងនៅក្នុងបន្ទប់១០៨ ក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ុក រួមមាន ថ្នាំមេតំហ្វេតាមីន(ICE)ទម្ងន់៣៧៤.៣៩ក្រាម ជញ្ជីងថ្លឹងគ្រឿងញៀនធំ១គ្រឿង និងតូច២គ្រឿង សារធាតុញៀនប្រភេទអុភិចស្តាស៊ីចំនួន១៥៦២គ្រាប់ ស្មើទម្ងន់ និង៦០៩.៣៣ក្រាម សរុបជាង១គីឡូក្រាម និងអាវុធខ្លី១ដើមម៉ាកឡុក៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner