អគ្គស្នងការនគរបាលជាតិបើកកិច្ចប្រជុំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសប្រារព្ធពិធីបុណ្យខួបលើទី៤០ទិវាជ័យជម្នះ៧មករា និងពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ

អត្ថបទដោយ៖
Kien Sereyvuth

នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ បានរៀបចំកិច្ចប្រជុំស្តីពីផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសប្រារព្ធពិធីបុណ្យខួបលើទី៤០ នៃទិវាជ័យជម្នះ៧មករា និងពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍សន្តិ បណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិ បណ្ឌិត មានប្រសាសន៍ ណែនាំឲ្យកងកម្លាំងទាំងអស់យកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់ ក្នុងការការពារសុវត្ថិភាព ជូនថ្នាក់ដឹកនាំកំពូល និងប្រជាពលរដ្ឋ ដែលអញ្ជើញទៅចូលរួមកំសាន្តសប្បាយនៅក្នុងថ្ងៃពិធីបុណ្យខួបលើទី៤០ ចំនួន៣ថ្ងៃ ដែលប្រារព្ធធ្វើឡើងនៅវិមានឈ្នះ-ឈ្នះ។ ឯកឧត្តមបានបញ្ជាក់ថា ដោយសារនៅពេលយប់ថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋ អញ្ជើញមកទស្សនាកម្មវិធីសិល្បៈតាមស្តង់ប្រគុំតន្រ្តីផ្សេងៗ ជាពិសេសក៏មានការបាញ់កាំជ្រួចតាមលក្ខណទំនើបអាចចេញជារូបភាពផ្សេងៗ ប្រមាណរយៈពេល៤៥នាទីផងដែរ។

ដោយឡែកសម្រាប់ពិធីបុណ្យខួបលើកទី៤០ នៃទិវាថ្ងៃ ៧មករា (១៩៧៩-២០១៩) វិញ នឹងប្រព្រឹត្តនៅថ្ងៃទី៧ មករា ឆ្នាំ២០១៩ខាងមុខនេះ នៅស្តាតអូឡាំពិក ដោយមានប្រជាពលរដ្ឋចូលរួមអបអរសារទប្រមាណជាងបីម៉ឺននាក់។ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានណែនាំឲ្យកងកម្លាំងមានសមត្ថកិច្ចទាំងអស់ យកចិត្តទុកដាក់នៅតាមចំណុចអគារខ្ពស់ ដែលនៅព័ទ្ធជុំវិញទីតាំងប្រារព្ធពិធី តាមសំណង់ដែលមានកម្មករកំពុងធ្វើការ រីឯពាក់ព័ន្ធនឹងបញ្ហចរាចរណ៍។

ឯកឧត្តមបានបញ្ជាឲ្យមានការរៀបចំប្រព័ន្ធបង្វែរទិស និងតាមតំបន់ផ្លូវតូចៗកាត់ទទឹង ព្រមទាំងផ្លូវព័ទ្ធជុំវិញដើម្បីសម្រួលដល់ការកកស្ទះ ក្នុងនោះសំណូមពរឲ្យរដ្ឋបាលរាជធានីធ្វើការជូនដំណឹង ដល់ប្រជាពលរដ្ឋឲ្យមានការយោគយល់ពីការបិទផ្លូវក្នុងថ្ងៃប្រារព្ធពិធីផងដែរ។ លើសពីនេះ ជូនដំណឹងដល់ម្ចាស់ស្ថានីយ៍ប្រេង ក៏ដូចជាសំណង់អគារចំនួន៨ដែលកំពុងសាងសង់នៅព័ទ្ធជុំវិញទីតាំងប្រារព្ធពិធី ត្រូវផ្អាកការសាងសង់ផងដែរ។

សូមរំលឹកថា វិមានឈ្នះ-ឈ្នះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយទំហំដី៨ហិចតា ស្ថិតនៅខណ្ឌព្រែកតាសេក រាជធានីភ្នំពេញ ហើយនឹងត្រូវសម្ពោធជាផ្លូវការចំនួនបីថ្ងៃគឺចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ចំថ្ងៃដែលរាជរដ្ឋាភិបាលប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយបាយឈ្នះ-ឈ្នះផងដែរ ដោយកម្មវិធីនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner