រដ្ឋមន្ត្រីក្រសួងកសិកម្ម អនុញ្ញាតឲ្យប្រតិភូមកពីក្រសួងកសិកម្ម និងកិច្ចការជនបទប្រទេសចិន និងក្រុមហ៊ុនវិនិយោគផ្នែកកសិកម្មធំៗចំនួន៤ ចូលជួបពិភាក្សាអំពីគម្រោងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា
មុននឹងធ្វើដំណើរទស្សនកិច្ចផ្លូវការទៅខេត្ត ហ៊ុយប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យសមាគមសេដ្ឋកិច្ច ចិន-ខ្មែរ ក័ងតុង ដឹកនាំគណៈប្រតិភូមកពីក្រសួងកសិកម្ម និងកិច្ចការជនបទ ប្រទេសចិន ដោយលោក Zheng Huidian អនុប្រធានមន្ទីរកសិកម្ម ខេត្តក័ងតុង រួមជាមួយក្រុមហ៊ុនវិនិយោគផ្នែកកសិកម្មធំៗចំនួន៤ក្រុមហ៊ុនទៀត ចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីគម្រោងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ពាក់ព័ន្ធនឹងដំណាំស្រូវ ការបង្កាត់ពូជ និងចិញ្ចឹមសត្វ ការផលិត និងការកែច្នៃចំណីសត្វ។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានជម្រាបជូនភ្ញៀវថា បច្ចុប្បន្នក្រសួង បាន និងកំពុងមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយក្រសួងកសិកម្ម និងកិច្ចការជនបទនៃប្រទេសចិន ដោយភាគីទាំងពីរ បានចុះអនុស្សារណៈយោគយល់គ្នាស្តីពីការរៀបចំផែនការមេដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។ ដូច្នេះ ឯកឧត្តមស្វាគមន៍ចំពោះបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះតាមរយៈការផ្លាស់ប្តូរបទពិសោធន៍ ក្រុមហ៊ុនវិនិយោគកែច្នៃផលិតផលកសិកម្ម ចិញ្ចឹមសត្វ ការផ្តល់បច្ចេកវិទ្យាថ្មីៗមកកម្ពុជា ជាពិសេសជាមួយខេត្តក័ងតុង ដែលជាខេត្តមួយដែលមានភូមិសាស្ត្រ បរិយាកាស និងផ្ទៃដីដាំដុះប្រហាក់ប្រហែលនឹងកម្ពុជា ហើយក៏ជាខេត្តដែលមានសក្តានុពលខ្ពស់ក្នុងវិស័យកសិកម្មផងដែរ។

លោក Zheng Huidian បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចស្វាគមន៍ដ៏កក់ក្តៅពីឯកឧត្តមរដ្ឋមន្ត្រី និងសហការី ហើយលោកសូមទទួលយកនូវរាល់ព័ត៌មាន និងការលើកឡើងពាក់ព័ន្ធនឹងវិស័យកសិកម្មនៅកម្ពុជាពីឯកឧត្តមរដ្ឋមន្ត្រី។ ទន្ទឹមនឹងនេះ លោកក៏បានធ្វើការរាយការណ៍អំពីសកម្មភាព លទ្ធផល និងសមិទ្ធិផលនានា ដែលខេត្តក័ងតុង សម្រេចបានក្នុងវិស័យកសិកម្ម ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចនៃប្រទេសចិន ពោលគឺទូទាំងប្រទេសចិន ខេត្តក័ងតុង ទទួលបានចំណាត់ថ្នាក់លេខ៣ ធំជាងគេក្នុងការដាំដុះដំណាំកសិកម្ម និងឈើហូបផ្លែ និងចំណាត់ថ្នាក់លេខ៦ ក្នុងការចិញ្ចឹមសត្វ។

ចំពោះដំណើរទស្សនកិច្ចនាពេលនេះ គឺដើម្បីស្វែងយល់ និងសិក្សាអំពីសក្តានុពលនៃការនាំចេញអង្ករកម្ពុជាឆ្ពោះត្រង់ទៅកាន់ខេត្តក័ងតុង និងនាំវិនិយោគិនពីខេត្តក័ងតុងពិនិត្យលទ្ធភាពក្នុងការវិនិយោគនិងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងវិស័យកសិកម្ម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រចំពោះគំនិតដែលចង់នាំអង្ករកម្ពុជាឆ្ពោះត្រង់ទៅកាន់ទីផ្សារខេត្តក័ងតុង ហើយឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងផ្តល់កិច្ចសហការឲ្យអស់លទ្ធភាព ធ្វើយ៉ាងណាឲ្យគម្រោងនេះទទួលបានជោគជ័យ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឲ្យវិនិយោគិនដែលមានវត្តមានក្នុងកិច្ចប្រជុំនេះ ពិនិត្យលទ្ធភាពបោះទុនវិនិយោគនៅកម្ពុជា ផ្នែកចិញ្ចឹមសត្វ ផលិតចំណីសត្វ និងវ៉ាក់សាំងដែលមានគុណភាពខ្ពស់ ដោយអនុវត្តតាមផលិតកម្មតាមកិច្ចសន្យាជាមួយប្រជាកសិករ ដើម្បីយកវត្ថុធាតុដើមមកធ្វើការកែច្នៃ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូល និងលើកស្ទួយគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញផលិតកម្មក្នុងស្រុក។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរអំពីសក្តានុពលនៃដំណាំឈើហូបផ្លែ ដូចជាតាង៉ែន ស្រកានាគ ចេកអំបូងលឿង និងដំណាំស្វាយចន្ទី ដែលកម្ពុជាកំពុងពង្រីកការដាំដុះ និងមានទីផ្សារខ្ពស់ ជាពិសេសទីផ្សារចិន ថាគួរវិនិយោគិនពិនិត្យលទ្ធភាពក្នុងការវិនិយោគកែច្នៃ និងនាំចេញ៕