មន្រ្តីសហរដ្ឋអាម៉េរិកអះអាងថា ទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូលបរាជ័យក្នុងការចរចាលើការចំណាយសម្រាប់ការឈរជើងរបស់កងទ័ពអាម៉េរិកនៅកូរ៉េខាងត្បូង

សហរដ្ឋអាម៉េរិក៖ មន្រ្តីអាម៉េរិកមួយរូបក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ នៅថ្ងៃសុក្រសប្តាហ៍នេះ បានបញ្ជាក់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល បានទទួលការបរាជ័យលើកិច្ចព្រមព្រៀងមួយ ដែលទាមទារអោយកូរ៉េខាងត្បូងបង្កើនការចំណាយសម្រាប់ការឈរជើងរបស់កងទ័ពអាមេរិកនៅលើឧបទ្វីបកូរ៉េ។

ក្នុងអំឡុងពេល០៣ថ្ងៃកន្លងមកនេះ អ្នកការទូតនៃសម្ព័ន្ធមិត្តទាំងពីរបានបើកការចរចានៅទីក្រុងសេអ៊ូល ដើម្បីស្វែងរកការឯកភាពគ្នាលើកិច្ចព្រមព្រៀងចំណាត់ការពិសេស SMA ដែលកំណត់ពីការចំណាយរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក សម្រាប់កងកម្លាំងយោធាអាមេរិកប្រចាំនៅកូរ៉េខាងត្បូង (USFK) ។ កិច្ចព្រមព្រៀងរយៈពេល០៥ឆ្នាំនេះ នឹងត្រូវផុតសុពលភាពនៅដំណាច់ឆ្នាំ២០១៨ ខណៈកងទ័ពអាមេរិកប្រហែល២៨.៥០០នាក់កំពុងឈរជើងនៅលើទឹកដីកូរ៉េខាងត្បូង ក្រោយពីសង្រ្គាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ បានបញ្ចប់ទៅតាមរយៈបទឈប់បាញ់ ។

សូមរំលឹកថា កន្លងមក កូរ៉េខាងត្បូងបានចេញថវិកា៩៦០ពាន់លានវ៉ុន ស្មើនឹង ៨៥០លានដុល្លារអាមេរិក សម្រាប់ការឈរជើងរបស់កងកម្លំាងយោធាអាមេរិក ប្រចាំនៅកូរ៉េខាងត្បូង ប៉ុន្តែអាមេរិកបានទាមទារអោយកូរ៉េខាងត្បូង បង្កើនការចំណាយប្រចាំឆ្នាំរបស់ខ្លួនអោយច្រើនជាងនេះថែមទៀត ពោលគឺរហូតដល់ទៅទ្វេដងនៃចំនួនបច្ចុប្បន្ន ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner