ឆក់ទូរសព្ទដៃបានសម្រេច តែជិះរត់មិនរួចពីម្ចាស់និងប្រជាពលរដ្ឋដេញចាប់ប្រគល់ឲ្យសមត្ថកិច្ច
( ភ្នំពេញ ) ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីបុរសម្នាក់បានសម្រេច ហើយព្យាយាមជិះរត់គេចខ្លួន តែត្រូវជនរងគ្រោះជិះដេញតាម រួមទាំងមានប្រជាពលរដ្ឋសហការជាមួយបានឃាត់ខ្លួនមកវិញ កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខស្ថានីយប្រេងឥន្ធន: តូតាល់ តាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
ជនសង្ស័យខាងលើមានឈ្មោះ ហួន សិទ្ធិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថានៅមុនពេលកើតហេតុជនសង្ស័យខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ 1GS-2257 តាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅមកពីស្តុបផ្សារសេនជូរីឆ្ពោះទៅស្តុបណូគា។ លុះមកចំណុចខាងត្បូងស្តុបផ្សារសេនជូរីប្រមាណ៥០ម៉ែត្រ តាមបណ្ដោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ជនសង្ស័យខាងក៏បានធ្វើសកម្មភាពឆក់ទូរសព្ទដៃមួយគ្រឿងម៉ាកអាយហ្វូន ពីបុរសម្នាក់មិនស្គាល់អត្តសញ្ញាណដែលជិះម៉ូតូបណ្តើរកាន់ទូរសព្ទនិយាយបណ្តើរ បានសម្រេច។ ភ្លាមៗនោះជនសង្ស័យខាងលើ ក៏បានព្យាយាមជិះរត់គេចខ្លួន ហើយក៏ត្រូវជនរងគ្រោះជិះម៉ូតូដេញតាមពីក្រោយនិងស្រែកឆោឡោរហូត មកដល់ចំណុចកើតហេតុដោយជនសង្ស័យខាងលើភ័យស្លន់ស្លោពេកក៏ជិះម៉ូតូទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលឲ្យដួលម៉ូតូ ត្រូវបុរសជាជនរងគ្រោះនិងប្រជាពលរដ្ឋដែលក្បែរនោះចាប់បាននិងស្វាគមន៍ម្នាក់មួយដៃមួយជើងបណ្តាលឲ្យទ្រោមខ្លួន បន្ទាប់មកបុរសដែលជាជនរងគ្រោះខាងលើបានយកទូរសព្ទដៃរបស់ខ្លួនពីជនសង្ស័យត្រឡប់ទៅវិញ រួចជិះម៉ូតូចេញពីកន្លែងកើតហេតុបាត់ទៅ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើក៏បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីជនរងគ្រោះខាងលើពិតប្រាកដមែន ហើយកន្លងមករូបគេក៏ធ្លាប់ធ្វើសកម្មភាពឆក់ទូរសព្ទដៃពីប្រជាពលរដ្ឋដែលធ្វើដំណើរ នៅខាងមុខវិទ្យាល័យសន្ធរម៉ុកម្តងដែលតែមិនបានសម្រេចប៉ុន្តែជិះរត់គេចខ្លួនរួច។
បច្ចុប្បន្ន ជនសង្ស័យកំពុងសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការទៅតាមនីតិវិធី ៕


