ក្រសួងការងារ បើកវេទិកាពិគ្រោះយោបល់ពីតម្រូវការការងារក្នុងវិស័យឯកជន ដើម្បីផ្សារភ្ជាប់ការអភិវឌ្ឍកម្មវិធីសិក្សា សមស្របតាមតម្រូវការទីផ្សារការងារ
ដើម្បីជាការឆ្លើយតបអំពីតម្រូវការ និងភាពចាំបាច់នៃទីផ្សារការងារនាពេលបច្ចុប្បន្ន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវេទិកាពិគ្រោះយោបល់ពីតម្រូវការការងារដែលពាក់ព័ន្ធទៅនឹងវិស័យឯកជននានា ដែលមាននៅក្នុងខេត្តបាត់ដំបង កាលពីរសៀល ថ្ងៃទី១៣ ខែធ្នូ ២០១៨ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងឱកាសនោះ លោក មាស ដារ៉ា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ដំបង បានដឹងពីគោលបំណងក្នុងវេទិកានេះគឺ ១)ដើម្បីជំរុញ និងលើកកម្ពស់ទីផ្សារការងារកាន់តែប្រសើរឡើងក្នុងខេត្តបាត់ដំបង ២)ដើម្បីប្រមូលអំពីព័ត៌មានពីតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងតម្រូវការទីផ្សារការងារថ្ងៃអនាគត នៅក្នុងវិស័យឯកជន ៣)ដើម្បីអភិវឌ្ឍន៍កម្មវិធីសិក្សា នៅតាមគ្រឹះស្ថានរដ្ឋ ឯកជន ឲ្យស្របទៅតាមតម្រូវការទីផ្សារការងារ និងផ្តល់នូវឱកាសជូនដល់សិស្ស និស្សិត ងាយស្រួលក្នុងការជ្រើសរើសនូវមុខវិជ្ជាសិក្សា ជំនាញវិជ្ជាជីវៈឲ្យចំតម្រូវនៃការងារទីផ្សារ ការងារបច្ចុប្បន្នក៏ដូចជាទីផ្សារការងារនៅ ពេលអនាគត។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ពេជ សោភ័ណ បានឲ្យដឹងថា កន្លងមកនេះ រាជរដ្ឋាភិបាលបានគិតគូរយកចិត្តទុកដាក់ក្នុងការស្វែងរកឱកាសការងារជូនប្រជាពលរដ្ឋតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ ដែលមានមជ្ឈមណ្ឌលរបស់ខ្លួននៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែននេះតែម្តង ដើម្បីដើរតួនាទីសម្រាប់ធ្វើការទំនាក់ទំនងផ្ទាល់រវាងនិយោជិកនិយោជក តំណាងក្រុមហ៊ុនសហគ្រាស និងគ្រឹះស្ថាន ឬរោងចក្រនានា អំពីតម្រូវការរបស់ក្រុមហ៊ុន ដើម្បីយកមកចងក្រង និងជួយធ្វើការផ្សព្វផ្សាយដល់អ្នកដែលកំពុងរកការងារធ្វើ។

ជាពិសេស ក៏អាចជួយផ្តល់លទ្ធភាព និងឱកាសឲ្យភាគីក្រុមហ៊ុន ឬអ្នកដែលត្រូវការជ្រើសបុគ្គលិក កម្មករឲ្យចូលបម្រើការរបស់ខ្លួន និងអ្នកដែលកំពុងតែរកការងារធ្វើបានជួបគ្នាផ្ទាល់។ តាមរយៈនៃការជួបគ្នានេះ អាចបង្កឲ្យភាគីទាំងសងខាងអាចរកបានដៃគូដ៏ល្អទៀតផង។ ឯកឧត្តមបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ តាមរយៈអង្គវេទិកាពិគ្រោះយោបល់អំពីតម្រូវការការងារក្នុងវិស័យឯកជន និងដើម្បីផ្សារភ្ជាប់ការអភិវឌ្ឍកម្មវិធីសិក្សា ឲ្យឆ្លើយតបសមស្របទៅតាមតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន៕
ដោយៈ អ៊ុក សំអាន

