ពិធីផ្ទេរ ប្រកាសប្រធានគណបក្សប្រជាជនខេត្តសៀមរាប

អត្ថបទដោយ៖
Kien Sereyvuth

កាលពីរសៀលថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ២០១៨ នេះ នៅទីស្នាក់ការគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជា ខេត្តសៀមរាប មានធ្វើពិធីប្រកាសប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណៈបក្ស និង  ជាប្រធានគណៈប្រចាំការ គណៈអចិន្រ្តៃយ៍គណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា  ដោយមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ ជាសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិកក្រុមការងារ និង គណៈអចិន្ត្រៃយ៍បក្សខេត្ត  សមាជិកគណៈកម្មាធិការបក្សខេត្ត  ក្រុមប្រឹក្សាខេត្ត និង អស់លោក លោកស្រី ប្រធាន អនុប្រធានក្រុមការ ងារខេត្ត ក្រុង ស្រុក  សាខាបក្សមន្ទីរ អង្គភាព ក្រុមប្រឹក្សា គណៈបក្សក្រុង ស្រុក ក្រុមការងារយុវជនបក្ស និង គណបក្សឃុំ សង្កាត់ ចំនួន ២៩០នាក់ ដែលបានចូលរួម ។

បន្ទាប់ពីឯកឧត្តម សោម សឿន សមាជិក គណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចាត់តាំង គណៈ  កម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា អាននូវសេចក្តីសម្រេច របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ស្តីពីការសម្រួលភារកិច្ចឯកឧត្តមបណ្ឌិត  ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាខេត្ត ដែលបានទៅទទួលភារកិច្ចថ្មី និង តែងតាំង ឯកឧត្តម ទៀ សីហា ជាប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ។

បន្ទាប់ពីឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានអាននូវរបាយការណ៍សកម្មភាព និង លទ្ធផលដែលអនុវត្តបាន ក្នុងអាណត្តិឯកឧត្តមគ្រប់គ្រងរួចមក  សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានធ្វើការប្រគល់នូវសេចក្តីសម្រេចសម្រួលភារកិច្ចជូនដល់ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង  និង ប្រគល់សេចក្តីសម្រេចតែងតាំង និង ត្រា  ជូនដល់  ឯកឧត្តម ទៀ សីហា  ព្រមទាំងធ្វើពិធីចុះហត្ថលេខា ប្រគល់ និង ទទួលលើបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិ និង ហិរញ្ញវត្ថុរបស់គណបក្សខេត្តផងដែរ ។

បន្ទាប់ពីចំណាប់អារម្មណ៍ និង ធ្វើការប្តេជ្ញាចិត្តរបស់ឯកឧត្តមប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជន ដែលទើបតែងតាំងថ្មីរួចមក  សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានធ្វើការកោតសរសើរផងដែរ អំពីការខិតខំ ក្នុងកិច្ចអភិវឌ្ឍន៍របស់ខេត្ត និង ការកសាងនូវធនធានមនុស្សក្នុងជួរគណបក្សប្រជាជនកម្ពុជា ទាំងកម្លាំងស្នូលរបស់ គណបក្ស និង រាជរដ្ឋាភិបាល ដែលជាស្នាដៃរបស់ឯកឧត្តមប្រធានគណបក្សដែលបានចូលនិវត្តន៍ ។

ម៉្យាងទៀតក្នុង អាណត្តិរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានធ្វើឲ្យខេត្តសៀមរាប មានការប្រែមុខមាត់ ទាំងបរិស្ថាន អនាម័យ និង សោភណ្ឌភាពក្នុង ក្រុងសៀមរាប ។ សម្តេចក៏បានបន្តទៀតថា ក្រោមគោលនយោបាយ នៃមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា  បានធ្វើឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ពេញលេញ ក្រោមគោលនយោបាយឈ្នះៗ នាឆ្នាំ១៩៩៨ ធ្វើឲ្យនយោបាយដឹកនាំរបស់កម្ពុជាប្រជាធិបតេយ្យ  រលាយសាបសូន្យពី កម្ពុជា ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ  ក៏បានបញ្ជាក់ថា ការផ្លាស់ប្តូរ កែសម្រួលភារកិច្ច របស់មន្ត្រីគណបក្សប្រជាជន គឺជាប្រពៃណីសម្រាប់ មន្ត្រីយើងគ្រប់រូបទាំងអស់គ្នា ។  ម៉្យាងទៀតការកែសម្រួលភារកិច្ច និង តម្លើងឋានៈ តួនាទី ភារកិច្ច គឺជាការយកចិត្តទុកដាក់ខ្ពស់ របស់ថ្នាក់ដឹកនាំនៃគណបក្សប្រជាជន ក្នុងការពង្រឹង ពង្រីកនូវវិសាលភាព ក្នុងជួរគណបក្ស ពីថ្នាក់លើដល់មូលដ្ឋាន ដែលជាគ្រឹះដ៏រឹងមាំរបស់គណបក្ស ដែលជាកត្តាមួយក្នុងការដណ្តើម នូវភាពជោគជ័យទៅពេលអនាគត ។

សម្តេចវិបុលសេនាភក្តី ក៏បានក្រើនរំលឹកដល់ ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ដែលទើបចូលកាន់តំណែងថ្មីនេះ   ត្រូវតែអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនតាម លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ពង្រឹងសាមគ្គីភាពជាធ្លុងមួយ ក្នុងការងារផ្ទៃក្នុងរបស់គណបក្ស ឲ្យកាន់តែរឹងមាំ ទាំងខាងនយោបាយ សតិអារម្មណ៍ និងការចាត់តាំង ដោយឈរលើគោលការណ៍ “សមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវ” ដើម្បីឈានឆ្ពោះទៅដណ្តើមជ័យជំនះ គ្រប់ការបោះឆ្នោតជាបន្តបន្ទាប់នៅអាណត្តិក្រោយៗទៀតផង ៕  ម៉ី សុខារិទ្ធ 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner