សាធារណរដ្ឋស្លូវ៉ាកបញ្ជាទិញយន្តហោះចម្បាំងប្រភេទ F-16 ចំនួន១៤គ្រឿងក្នុងតម្លៃ១,៨ពាន់លានដុល្លារពីសហរដ្ឋអាម៉េរិក
ស្លូវ៉ាក៖ រដ្ឋាភិបាលស្លូវ៉ាកបានប្រកាសថា ខ្លួនបានបញ្ជាទិញយន្តហោះចម្បាំងប្រភេទ F-16 ចំនួន១៤គ្រឿងពីក្រុមហ៊ុនឡុកឃីដម៉ាទីន របស់សហរដ្ឋអាម៉េរិករួចរាល់ហើយ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយរវាងរដ្ឋមន្ត្រីការពារជាតិស្លូវ៉ាកលោក ភីធើ ហ្គាចដូស និងនាយករងក្រុមហ៊ុន ឡុកឃីដម៉ាទី លោកស្រី អាណា វូហ្គោហ្វស្គី។

ការបញ្ជាទិញយន្តហោះចម្បាំងថ្មីៗបន្ថែមទៀតនេះ ត្រូវបានគេមើលឃើញថា ជាការធ្វើឲ្យស្លូវ៉ាកមានសមត្ថភាពសមស្របទៅនឹងភាពជាសមាជិករបស់អង្គការ ណាតូ ដូចបណ្តាប្រទេសធំៗផ្សេងទៀតដែរ ហើយវាក៏សមស្របទៅតាមការប្តេជ្ញារបស់ស្លូវ៉ាក់ ក្រោមការជំរុញទឹកចិត្តដោយសហរដ្ឋអាម៉េរិក ឲ្យបណ្តាប្រទេស អង្គការណាតូទាំងអស់ ចំណាយថវិកាជាតិយ៉ាងហោចណាស់២ភាគរយ នៃផលិតផលក្នុងស្រុកសរុប GDP ទៅលើវិស័យការពារជាតិ។

តាមរយៈកិច្ចព្រមព្រៀងតម្លៃ១,៨ពាន់លានដុល្លារនេះទៀតសោត តម្រូវឲ្យក្រុមហ៊ុនផលិតសព្វាវុធអាម៉េរិក ឡុកឃីដម៉ាទីន បញ្ជូនយន្តហោះចម្បាំងទាំង១៤គ្រឿងមកកាន់ប្រទេសស្លូវ៉ាកនៅឆ្នាំ២០២៣ ជាមួយនឹងគ្រឿងបរិក្ខារបន្ទាប់សន្សំ (អាវុធបន្ថែម) សម្រាប់បំពាក់ឲ្យយន្តហោះ ព្រមទាំងការបង្វឹកអវកាយានិករបស់ស្លូវ៉ាកឲ្យចេះប្រើប្រាស់យន្តហោះចម្បាំងទាំងនេះផងដែរ៕
