សុំការងារបានធ្វើ ចូលយាមបានមួយយប់ ព្រឹកឡើងប្រទះឃើញចងកស្លាប់
ភ្នំពេញ ៖ បុរសម្នាក់បានមកសុំការងារជាកងសន្តិសុខក្រុមហ៊ុនឯកជន ហើយបានធ្វើហើយ និងចូលយាមបានមួយយប់ ស្រាប់តែព្រឹកឡើងប្រទះឃើញចងកធ្វើអត្តឃាត បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្នុងបរិវេណអគារបាក់បែក ទុកចោលមួយកន្លែង តាមផ្លូវសហព័ន្ធរុស្សី ទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ។ ជនរងគ្រោះឈ្មោះ អេង ម៉ក់ ភេទប្រុស អាយុ៤៩ឆ្នាំ ទើបចូលបម្រើការងារ ក្រុមហ៊ុនសន្តិសុខ ឯកជន GKS បានមួយយប់ មានស្រុកកំណើត ភូមិគួយជីកដី ឃុំរបស់មង្គល ស្រុកម៉ោងឫស្សី ខេត្តបាត់ដំបង។ ជនរងគ្រោះមានប្រពន្ធ និងកូនស្រី២នាក់ ប្រកបរបរជាកម្មករ ស្នាក់នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
បើតាមសម្តីឈ្មោះ តូ ប្រុស ប្រធានក្រុមសន្តិសុខGKS បានឲ្យដឹងថា ជនរងគ្រោះពីមុនមកធ្លាប់នៅបម្រើការងារក្រុមហ៊ុនសន្តិសុខ GKS ម្តងហើយ តែគាត់ធ្លាក់ខ្លួនឈឺ ជំងឺក្រពះ ហើយបានសុំឈប់ វិលត្រឡប់ទៅស្រុកកំណើតបាត់រាប់ខែមកហើយ ទើបតែនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨នេះ ជនរងគ្រោះបានត្រឡប់មកជួបក្រុមហ៊ុន ហើយសុំចូលបម្រើការងារវិញ ទោះជាសុខភាព មិនទាន់មាំទាំ ជាស្រួលបួលនៅឡើយ។ ជនរងគ្រោះអង្វរខាងក្រុមហ៊ុន ម្តងហើយម្តងទៀត សុំចូលបម្រើការងារ ព្រោះតែជីវភាព ដោយធ្លាប់ដឹងប្រវត្តិការងារពីមុនមក ជនរងគ្រោះមិនដែលមានបញ្ហាអ្វី ចរិតឫកពារក៏ល្អ ក៏អនុញាតឲ្យចូលបម្រើការងារ នៅយប់ថ្ងៃទី០៧ ខែធ្នូ នេះតែម្តង ហើយតម្រូវឲ្យជនរងគ្រោះ ទៅដេកយាមនៅអគារចាស់ទុកចោលមួយកន្លែង នៅចំណុចខាងលើ ដោយមានគ្នា២នាក់ ម្នាក់ដេកយាមច្រកខាងមុខ ចំណែកជនរងគ្រោះ ដេកយាមនៅបរិវេណខាងក្រោយ ស្រាប់តែនៅវេលាម៉ោង១១និង៤០នាទី ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ មានជនជាតិចិនម្នាក់ រួមជាមួយអ្នកបកប្រែម្នាក់ទៀត ដែលស្នាក់នៅសណ្ឋាគារក្បែរនោះ មើលពីលើមកឃើញ ជនរងគ្រោះចងកសម្លាប់ខ្លួន ចុះរត់មកហៅស្រែកប្រាប់សន្តិសុខច្រកមុខ ឲ្យទៅមើលមានមនុស្សចងក ទើបនាំគ្នាឆោឡោ រត់ទៅមើល ប្រទះឃើញជនរងគ្រោះ ចងកសម្លាប់ខ្លួន ដោយយកខ្សែភ្លើង ចងភ្ជាប់ជាមួយជើងម៉ាស៊ីនត្រជាក់ជាប់នឹងជញ្ជាំងអគារ។ ក្រោយពីការភ្ញាក់ផ្អើល ក៏បានរាយការណ៍ដល់សមត្ថកិច្ច ចុះទៅពិនិត្យជាក់ស្តែង ។ សាកសពបុរសខាងលើ ក្រោយពីពិនិត្យកោសល្យវិច័យរួចឃើញថា ពិតជាធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតមែន រួចប្រគល់ជូនសាច់ញាតិចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ម.ន