ប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ត្រូវបានប្រគល់ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ឯកឧត្ដម ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការ តំណាង ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល និងចែកប័ណ្ណសមាជិកបេឡាជាតិ របបសន្តិសុខសង្គម (ប.ស.ស) និងផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គមជូនដល់មន្ត្រីរាជការ និងមន្ត្រីជប់កិច្ចសន្យា នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ លោក កុសល សុពិនគ្ឃ ប្រធាននាយកដ្ឋានបុគ្គលិក បានឱ្យដឹងថា បច្ចុប្បន្នក្រសួងមានមន្ត្រីរាជការចំនួន៣២០២នាក់ (ស្រី៥២៩នាក់) និងមន្ត្រីជាប់កិច្ចសន្យាមានចំនួន៣២៣នាក់ (ស្រី១៥៥នាក់)។ លោកបានបន្តថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសព្វរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងផលប្រយោជន៍របស់មន្ត្រីរាជការ ជាពិសេសមន្ត្រីរាជការដែលមានជំងឺពិការភាព ស្រ្តីមានផ្ទៃពោះ និងមន្ត្រីរាជការដែលបានចូលនិវត្តន៍ ដោយផ្តល់នូវការឧបត្ថមជាថវិកា និងសម្ភារបន្ថែមលើគោលនយោបាយដែលផ្តល់ដោយរាជរដ្ឋាភិបាល។

ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានឱ្យដឹងថា ការផ្តល់បណ្ណសមាជិក ប.ស.ស ជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីទទួលបានសេវាថែទាំសុខភាព នៅមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន។ ឯកឧត្តម បានបន្ថែមទៀតថា រហូតមកដល់ពេលនេះ ប.ស.ស មានសមាជិក ជាមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ចំនួនជាង ៣០ម៉ឺននាក់ និងមានមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនទៅទទួលសេវាថែទាំសុខភាពបានចំនួន ២២០០១ដង/នាក់។

ឯកឧត្តម ឆាន់ សាផាន មានប្រសាសន៍ថា ថ្ងៃនេះខ្ញុំពិតជាមានសេចក្តីសោមនស្សយ៉ាងក្រៃលែង ដែលបានចូលរួមក្នុងពិធីប្រគល់ និងទទួលប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ចំនួន៣១៦៦ប័ណ្ណ និងផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលមានសារសំខាន់នាពេលនេះ។ ឯកឧត្តម បានបន្តថា ការអនុវត្តរបបសន្តិសុខសង្គមនេះ ជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរដល់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ដោយរៀបចំឱ្យមានរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងថែទាំសុខភាព ដើម្បីផ្តល់ជូនដល់ពួកគាត់នូវការគាំពារសង្គម និងធានាបានសន្តិសុខសង្គម ព្រមទាំងសេដ្ឋកិច្ច ជូនមន្ត្រីរាជការដែលកំពុងបំពេញការងារ ក៏ដូចជាអតីតមន្ត្រីរាជការ និងអតីតយុទ្ធជនដែលបានតស៊ូបំពេញការងារជូនជាតិមាតុភូមិ នាពេលកន្លងមក ឱ្យចាកផុតពីហានិភ័យ នៅពេលពួកគាត់ជួបប្រទះបញ្ហាផ្សេងៗ ពាក់ព័ន្ធនឹងសុខភាព ឬគ្រោះថ្នាក់ជាយថាហេតុណាមួយ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner