ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ៖ ការបង្កើតនូវផលិតផលមានគុណភាពដែលជាស្នាដៃពិតរបស់ខ្លួន គឺជំរុញឱ្យវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចជាតិកាន់តែប្រសើរឡើង

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានគូសបញ្ជាក់ថា ការបង្កើតនូវផលិតផលមានគុណភាព ដែលជាស្នាដៃពិតរបស់ខ្លួន គឺជំរុញឱ្យវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចជាតិកាន់តែប្រសើរឡើង។ នេះជាប្រសាសន៍លើកឡើងក្នុងពេលដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីបើកម្ពោធជាផ្លូវការរោងចក្រផលិតក្បឿង និងទុយោ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ។

រោងចក្រក្បឿង និងទុយោ ជីបម៉ុង អ៊ីនដាស្ទ្រីស៍ ត្រូវបានសាងសង់លើផ្ទៃដីជាង១១ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ រោងចក្រនីមួយៗត្រូវបានបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយមកពីប្រទេសអ៊ីតាលី និងប្រើប្រាស់វត្ថុធាតុដើមដ៏ល្អឥតខ្ចោះ ដែលមានលទ្ធភាពផលិតក្បឿង និងទុយោដែលមានគុណភាពខ្ពស់ សម្រាប់ផ្គត់ផ្គង់ទីផ្សារសំណង់ក្នុងប្រទេសកម្ពុជា។

ថ្លែងក្នុងកម្មវិធីសម្ពោធ លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីបម៉ុង បានឲ្យដឹងថា «ខ្ញុំសង្ឃឹមថា ការវិនិយោគក្នុងវិស័យឧស្សាហកម្មទ្រង់ទ្រាយធំរបស់វិនិយោគិនក្នុងស្រុកក៏ជាការចូលរួមចំណែកមួយជ្រុងតូចក្នុងការលើកមុខមាត់ប្រទេសក្នុងវិស័យឧស្សាហកម្ម តាមរយៈការបោះជំហានពីប្រទេសកសិកម្មទៅជាប្រទេសឧស្សាហកម្ម កាត់បន្ថយការនាំចូលសម្ភារសំណង់ពីបរទេស និងជួយបង្កើនសេដ្ឋកិច្ចជាតិ»។

គ្រឿងចក្ររបស់រោងចក្រក្បឿង មានលទ្ធភាពផលិតក្បឿងបាន១៤០សន្លឹកក្នុងមួយនាទី ខណៈរោងចក្រទុយោមានលទ្ធភាពផលិតទុយោបាន៥០០តោនក្នុងមួយខែ។ ក្រៅពីរោងចក្រផលិតក្បឿង និងទុយោ ក្រុមហ៊ុន ជីបម៉ុង អ៊ីនដាស្ទ្រីស៍ ក៏មានផលិតផលបេតុង លាយស្រេចដើម្បីផ្គត់ផ្គង់តម្រូវការក្នុងវិស័យសំណង់ក្នុងប្រទេសផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានថ្លែងនូវការវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុន ជីបម៉ុង អ៊ីនដាស្ទ្រីស៍ ដែលជាវិស័យឯកជន ប៉ុន្តែបានខិតខំប្រឹងប្រែង និងបានចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្រសួង ស្ថាប័ន ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ បង្កើតនូវសមិទ្ធផលថ្មីមួយទៀត ឆ្លើយតបទៅនឹងទិសដៅអភិវឌ្ឍវិស័យឧស្សាហកម្ម តម្រូវការទីផ្សារ និងសំណូមពរប្រើប្រាស់របស់ប្រជាពលរដ្ឋ។

ការបង្កើតនូវរោងចក្រខ្នាតធំបែបនេះ ជាការចូលរួមចំណែកយ៉ាងខ្លាំងក្លាក្នុងការធ្វើឱ្យសេដ្ឋកិច្ចជាតិ កាន់តែមានការរីកចម្រើនទៅមុខ រក្សាបានកំណើនសមស្របតាមល្បឿនថេរមួយ ដែលការរំពឹងទុក គឺឆ្នាំ២០១៩ខាងមុខ អាចនឹងសម្រេចបានប្រមាណ៧,១ភាគរយ។ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺបានធ្វើឱ្យប្រទេសជាតិ សម្រេចបាននូវការផ្លាស់ប្តូរធំជាវិជ្ជមានប្រកបដោយមោទនភាពបំផុត ពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច។

តាមរយៈកំនើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព និងការបែងចែកផ្លែផ្កានៃកំណើននេះប្រកបដោយសមធម៌ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាទូទៅត្រូវបានលើកកម្ពស់កាន់តែប្រសើរឡើង។ ជាមួយគ្នានេះ ក្រុមហ៊ុនជីបម៉ុង ដែលតែងតែខិតខំប្រឹងប្រែងពង្រីកទំហំអាជីវកម្មរបស់ខ្លួនពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីបង្កើតឱកាសការងាររាប់ពានកន្លែងសម្រាប់ប្រជាពលរដ្ឋកម្ពុជា និងមួយផ្នែកទៀតគឺចូលរួមបង្កើនសក្កានុពលទីផ្សារកម្ពុជា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ សង្ឃឹមជឿងជាក់យ៉ាងមុតមាំថា ការបង្កើតពាណិជ្ជកម្មដែលមានផលិតផល និងសេវាកម្មក្នុងវិស័យផ្សេងៗរបស់ក្រុមហ៊ុនជីបម៉ុង មិនត្រឹមតែអាចបង្កើតឱកាសការងារដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទៀតអាចចូលរួមចំណែកធ្វើឱ្យប្រទេសជាតិយើង មានផលិតផលក្នុងស្រុកមានគុណភាព និងតម្លៃសមរម្យ ប្រសើរជាងផលិតផលនាំចូល ដែលប្រកដណាស់កត្តានេះ នឹងជួយផ្គត់ផ្គង់ដល់សម្រូវការក្នុងស្រុក ជំនួសដល់ការនាំចូលបន្ថែមទៀត៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner