អូស្ត្រាលីគ្រោងដកហូតសញ្ជាតិពីពួកភេវរករដែលជាប់ទោស ដើម្បីទប់ស្កាត់ការវាយប្រហារនៅថ្ងៃអនាគត
អូស្ត្រាលី៖ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កុត ម៉ូរីសុន មានគោលបំណងដកហូតសញ្ជាតិអូស្ត្រាលីពីក្រុមភេវរករដែលជាប់ទោស ស្របពេលដែលរដ្ឋាភិបាលជឿជាក់ថា ទណ្ឌិតទាំងនោះមានសិទ្ធិដាក់ពាក្យសុំជ្រកកោណពីប្រទេសផ្សេងបាន។ លោក ស្កុត ម៉ូរីសុន បានលើកឡើងថា ក្រុមភេវរករបានបំពានអ្វីៗគ្រប់យ៉ាងដែលអូស្ត្រាលីមាន ហើយថា វាជាបទឧក្រិដ្ឋមួយប្រឆាំងនឹងប្រទេសរបស់យើងទាំងមូល មិនមែនត្រឹមតែប្រជាពលរដ្ឋប៉ុណ្ណោះទេ ហើយនេះ គឺជាទង្វើមួយដែលមិនអាចអត់ឱន និងអនុញ្ញាតជាដាច់ខាត។
លោកបានសង្កត់ធ្ងន់ថា សម្រាប់អ្នកដែលបានចួលរួមក្នុងសកម្មភាពបែបនេះ ប្រសិនបើពួកគេមានសញ្ជាតិនៅកន្លែងផ្សេងហើយនោះ យើងជឿជាក់ថា ពួកគេគួរតែទៅរស់នៅទីនោះវិញ ហើយនេះគឺជាសារច្បាស់ៗរបស់យើង។
គួរបញ្ជាក់ថា ផែនការដកហូតសញ្ជាតិពីក្រុមភេវរករដែលជាប់ទោសខាងលើនេះ ត្រូវបានគ្រោងធ្វើឡើង ក្រោយកើតមានហេតុការណ៍វាយប្រហារមួយនៅក្នុងទីក្រុងមែលប៊ន កាលពីខែមុន ដែលបណ្តាលឱ្យមនុស្ស២នាក់បាត់បង់ជីវិត ក្នុងនោះរួមមានទាំងជនសង្ស័យដែលកាន់កាំបិតផងដែរ។ បន្ទាប់ពីការវាយប្រហារនោះ នាយករដ្ឋមន្ត្រីអូស្ត្រាលីបានចោទប្រកាន់លើថ្នាក់ដឹកនាំសហគមន៍ ដែលគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់អំពើភេវរកម្ម៕