ចិនអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកនឹងអាចសម្រេចបានក្នុងរយៈពេល៩០ថ្ងៃ
សហរដ្ឋអាម៉េរិក៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃព្រហស្បត្តិ៍នេះ បាននិយាយថា នៅក្នុងជំនួបពិភាក្សារវាងចិន និងអាម៉េរិក ស្តីពីទំនាក់ទំនងពាណិជ្ជកម្ម គឺពិតជាពោរពេញដោយភាពជោគជ័យ ស្របជាមួយនឹងផលប្រយោជន៍យ៉ាងខ្លាំងរវាងប្រទេសទាំងពីរ ហើយថា ទីក្រុងប៉េកាំងជឿជាក់ថា ខ្លួននឹងអាចសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយភាគីទីក្រុងវ៉ាស៊ីនតោន ត្រឹមរយៈពេល៩០ថ្ងៃបន្ទាប់។
ឆ្លើយតបទៅនឹងការលើកឡើងនេះ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានសរសេរសារនៅលើបណ្តាញសង្គមធ្វីតធើថា លោកឯកភាពចំពោះសេចក្តីថ្លែងការណ៍មួយរបស់ចិន ដែលបង្ហាញពីជំនឿជឿជាក់យ៉ាងមុតមាំថា កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយរវាងប្រទេសទាំងពីរនឹងសម្រេចបានក្នុងរយៈពេល៩០ថ្ងៃ។
សូមរំលឹកថា លោក ដូណាល់ ត្រាំ បានយល់ព្រមផ្អាកគម្រោងដំឡើងពន្ធពី១០ភាគរយទៅ២៥ភាគរយលើទំនិញចិន ដែលគិតជាទឹកប្រាក់សរុប២០០ពាន់លានដុល្លារ ដើម្បីបើកផ្លូវសម្រាប់កិច្ចចរចាពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង ប៉ុន្តែលោក ត្រាំ បានព្រមានដែរថា ប្រសិនបើកិច្ចចរចានេះ មិនទទួលជោគជ័យក្នុងរយៈពេល៣ខែទេនោះ អត្រាពន្ធនឹងត្រូវដំឡើងតាមការគ្រោងទុកដដែល៕