សកម្មភាពដំណើរទស្សនកិច្ចផ្លូវការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅទីក្រុងហាណូយ ប្រទេសវៀតណាម

អត្ថបទដោយ៖
Kien Sereyvuth

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាមហើយ នៅព្រឹកថ្ងៃទី៧ធ្នូនេះ។

បន្ទាប់ពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សាធារណរដ្ឋសង្គមនិយមវៀតណាម គឺជាប្រទេសទី២ ក្នុងតំបន់អាស៊ាន ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីជ្រើសរើសសម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវការ បន្ទាប់ពីរូបសម្តេចត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នីតិកាលទី៦ នៃរដ្ឋសភា កាលពីដើមខែកញ្ញា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះ ភ្លូកទឹកភ្លូកដី ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨កន្លងទៅ។ នៅក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនេះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅស្តូបយុវជនពលីនៃកងទ័ពប្រជាជនវៀតណាម និងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅស្តូបលោកប្រធានហូជីមិញ។

ជាមួយនឹងអក្សរចារិកពណ៌មាស ដែលមានខ្លឹមសារដ៏ជ្រាលជ្រៅបំផុតនោះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ បានលំឱនកាយវាចាចិត្តដោយសេចក្តីគោរពយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះវីរយុទ្ធជន នៃកងទ័ពប្រជាជនវៀតណាម ដែលបានបូជាអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុរំដោះប្រទេស និងប្រជាជនវៀតណាម ចេញពីអាណានិគមនិយម រហូតប្រទេសជាតិទទួលបាន នូវឯករាជ្យជាតិយ៉ាងពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនរហូតមកដល់បច្ចុប្បន្ន។

ដូចគ្នានឹងការគោរពវិញ្ញាណក្ខន្ធចំពោះយុទ្ធជនពលីវៀតណាម នៅស្តូបលោកប្រធានហូជីមិញ សម្តេចតេជោ និងគណៈប្រតិភូ បានលំឱនកាយវាចាចិត្តគោរពយ៉ាងអស់ពីដូងចិត្ត ជាមួយនឹងថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម ដែលបានបាត់បង់នូវមេដឹកនាំដ៏ឆ្នើមរបស់ខ្លួន គឺលោកប្រធាន ហូជីមិញ ដែលបានដឹកនាំ និងកសាងប្រទេសវៀតណាម ពីការបែកបាក់រហូតទទួលបាននូវការឯកភាពជាតិ និងកសាងប្រទេសពីគំនរផេះផង់រហូតទទួលបាននូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ពិសេសជីវភាពរស់នៅរបស់ប្រជាជនវៀតណាមកាន់តែមានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការ ដែលធ្វើឡើងនៅវិមានរដ្ឋក្នុងទីក្រុងហាណូយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុតពីសំណាក់សមភាគីនាយករដ្ឋមន្ត្រីវៀតណាម ឯកឧត្តម ង្វៀន សួនហ៊្វុក។ នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលអមដំណើរដោយផ្ទាល់ពីសមភាគីនាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញគោរពទង់ជាតិ និងភ្លេងជាតិ នៃប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋសង្គមនិយមវៀតណាម។

ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ទីក្រុងណាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាមនៅពេលនេះ គឺឆ្លើយតបតាមការអញ្ជើញពីសមភាគីនាយករដ្ឋមន្ត្រីវៀតណាម ឯកឧត្តម ង្វៀន សួនហ៊្វុក បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីសាជាថ្មីម្តងទៀត ក្នុងរដ្ឋសភានីតិកាលទី៦ កាលពីដើមខែកញ្ញាឆ្នាំ២០១៨ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ពីការបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៨។ប្រទេសទាំងពីរកម្ពុជា-វៀតណាម បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ តែត្រូវបានកាត់ផ្តាច់នៅខែមីនាឆ្នាំ១៩៧០ និងបានភ្ជាប់ទំនាក់ទំនងឡើងវិញ នៅខែមករា ឆ្នាំ១៩៧៩។

វៀតណាម និងកម្ពុជា គឺជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា មានព្រំប្រទល់រួមគ្នាប្រវែងប្រមាណជាង១ពាន់២៧០គីឡូម៉ែត្រ។ ដំណើរបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចតេជោនាយករដ្ឋមន្ត្រីប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ប្រទេសវៀតណាមនៅពេលនេះ គឺដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ឲ្យកាន់តែខ្លាំងក្លាថែមទៀត ពិសេសការខិតខំរួមគ្នា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខតាមព្រំដែន និងកិច្ចសហប្រតិបត្តិការដទៃទៀត ដែលភាគីទាំងពីរធ្លាប់បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា កាលពីពេលកន្លងមក ឲ្យកាន់តែមានភាពប្រសើរឡើងថែមទៀត។

សូមបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម នៅពេលនេះរួមមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ឯកឧត្តម វ៉េង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តមបណ្ឌិតសុភាចារ្យ ហង់ ជូនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេចរណ៍ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស្រី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម កែវ បាភ្នំ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួង មហាផ្ទៃ ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងឯកឧត្តម លោកជំទាវ ជាប្រតិភូអមដំណើរជាច្រើនរូបទៀត។

បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចផ្លូវការរួចមក ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសមភាគីវៀតណាម ឯកឧត្តម ង្វៀន សួនហ៊្វុក បានអញ្ជើញធ្វើជំនួបចង្អៀតមួយទល់មួយ ឆ្លងកាត់អ្នកបកប្រែ មុននឹងឈានទៅកិច្ចប្រជុំកំពូលទ្វេភាគី សម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។

បន្ទាប់ពីបានចំណាយការពិភាក្សាគ្នាក្នុងជំនួបចង្អៀត និងកិច្ចប្រជុំកំពូលទ្វេភាគី ដែលបានចំណាយពេលនជាង២ម៉ោងប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចមក ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ឡាវ បានអញ្ជើញធ្វើជាសាក្សីនៃពិធី ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៦ ក្នុងនោះរួមមានទី១)អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីយុទ្ធសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន សម្រាប់រយៈពេល៧ឆ្នាំ ពីឆ្នាំ២០១៨-២០២៥ ទី២) វិសោធនកម្មពិធីសារ (ឆ្នាំ២០០៥) សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងនៃការដឹកជញ្ជូនតាមផ្លូវគោក (ឆ្នាំ១៩៩៨) ទី៣)វិសោធនកម្ម កិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនផ្លូវទឹក(២០០៩) ទី៤)កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម ទី៥)កិច្ចសម្របសម្រួលជំរុញពាណិជកម្មទ្វេភាគីកម្ពុជា-វៀតណាម សម្រាប់ឆ្នាំ២០១៨-២០១៩ ស្តីពីការអនុគ្រោះលើពន្ធបន្ទាត់ពន្ធគយឲ្យគ្នាទៅវិញទៅមក និងទី៦)កិច្ចព្រមព្រៀងស្តីពីការទប់ស្កាត់ការជួញដូរ ការជីកកកាយដោយខុសច្បាប់ និងការនាំត្រឡប់មកវិញនូវសម្បត្តិបេតិកភណ្ឌនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner