គម្រោងកម្ពុជាបៃតង ធ្វើការដាំកូនឈើ និងការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាននៅតាមសាលារៀនក្នុងរាជធានីភ្នំពេញ
នៅថ្ងៃសុក្រ ១៥រោច ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែធ្នូឆ្នាំ២០១៨ ក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ និងគម្រោងកម្ពុជាបៃតង គាំទ្រដោយកម្មវិធីបេះដូងសប្បុរសណាហ្គាវើល(Naga World) រៀបចំសន្និសីទសារព័ត៌មាន ក្រោមប្រធានបទ «ការដាំកូនឈើ និងការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន» នៅក្នុងបរិវេណសាលាបឋមសិក្សាសន្ធរម៉ុក រាជធានីភ្នំពេញ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តម សាយ សំ អាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីនេះ បញ្ជាក់ថា ការដាំដុះកូនឈើឡើងវិញ គឺជាវិធានការដ៏មានប្រសិទ្ធភាពនៅក្នុងការរក្សាបាននូវលំនឹងបរិស្ថានព្រោះថា «ព្រៃឈើគឺជាសរីរាង្គសួតនៃភពផែនដីរបស់យើង» ហើយព្រៃឈើជាប្រភពមិនចេះរីងស្ងួតក្នុងការថែរក្សានូវប្រព័ន្ធអេកូឡូស៊ីប្រកបដោយសុខភាព រវាងជីវិតមនុស្សសត្វ រុក្ខជាតិ និងធម្មជាតិ។
ឯកឧត្តមបានលើកឡើងថា ការដាំដើមឈើនៅថ្ងៃនេះ ក៏ជាការបំផុសនូវស្មារតីចេះស្រឡាញ់បរិស្ថាន ស្រឡាញ់ធនធានធម្មជាតិ ថែរក្សាការពារព្រៃឈើដ៏មានតម្លៃសម្រាប់មនុស្សគ្រប់រូប ក្នុងចំណោមពលរដ្ឋកម្ពុជា ជាពិសេសយុវជន ជំនាន់ក្រោយ។ ជាមួយគ្នានេះ ឯកឧត្តមបានសំណូមពរឱ្យប្រជាពលរដ្ឋចូលរួមដាំដើមឈើ ដើម្បីបង្កើនភាពបៃតង និងការពារបរិស្ថាន។
សូមបញ្ជាក់ថា គម្រោងដាំកូនឈើ និងការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាននៃកម្មវិធីកម្ពុជាបៃតងក្នុងគោលបំណងដើម្បីជំរុញការលើកកម្ពស់ការយល់ដឹង និងចូលរួមថែររក្សា អភិរក្សបរិស្ថានក៏ដូចជាបញ្ជ្រាបនូវការយល់ដឹងពីវិធានការនានា ដើម្បីរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ក៏ដូចជាជីវិតនៅលើភពផែនដីយើងនេះ។
ក្រោមការឧបត្ថម្ភគាំទ្រពីកម្មវិធី «បេះដូងសប្បុរសណាហ្គាវើល» នៅក្នុងថ្ងៃនេះ គណៈអធិបតី អ្នកចូលរួម និងសិស្សានុសិស្សនៃសាលាបឋមសិក្សាសន្ធរម៉ុក បានចូលរួមកម្មវិធីកម្ពុជាបៃតង ហើយបានដាំកូនឈើចំនួន៥០ដើមជានិមិត្តរូប នៅក្នុងបរិវេណសាលារៀន រួមជាមួយនឹងការធ្វើបទបង្ហាញការយល់ដឹងពីបរិស្ថាន និងជាពិសេសការអនុវត្តគោលការណ៍សាលាមេត្រីបរិស្ថានដោយផ្សារភ្ជាប់យ៉ាងសំខាន់ជាមួយនឹងការដាំដើមឈើ តាមរយៈគម្រោងកម្ពុជាបៃតងនេះ ដែលជាចំណែកមួយនៃការជួយថែរក្សានូវបរិស្ថាន ការបង្កើនបរិមាណព្រៃឈើ ក៏ដូចជាជួយកាត់បន្ថយបញ្ហាប្រែប្រួលអាកាសធាតុផងដែរ។ តាមការគ្រោងទុក គម្រោងនឹងធ្វើការដាំដើមឈើ១០០០ដើម តាមសាលារៀននានានៅក្នុងរាជធានីភ្នំពេញ ដែលនឹងជួយបង្កើនគម្របព្រៃឈើនៅក្នុងរាជធានីភ្នំពេញ និងសម្រាប់ប្រទេសកម្ពុជា៕