អង្គការស្បៀងអាហារពិភពលោក កោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ដល់កិច្ចគាំពារសង្គម សន្តិសុខស្បៀង និងអាហារូបត្ថម្ភ
លោកដេវីត កាទ្រូដ (David Kattrud) នាយកប្រចាំតំបន់នៃអង្គការស្បៀងអាហារពិភពលោក (WFP) បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នាទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីជម្រាបជូនពីគម្រោងយុទ្ធសាស្ត្រថ្មីរបស់អង្គការស្បៀងអាហារពិភពលោក (WFP) និងណែនាំពីនាយកប្រចាំប្រទេសកម្ពុជាថ្មីនៃអង្គការស្បៀងអាហារពិភពលោក។
លោកដេវីត កាទ្រូដ បានជម្រាបថា គម្រោងយុទ្ធសាស្ត្រថ្មីរបស់ WFP គឺមានគោលបំណងធ្វើយ៉ាងណាឲ្យមានភាពប្រសើរឡើងនូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដោយធ្វើការជាមួយអង្គការ និងដៃគូពាក់ព័ន្ឋនានា ដែលនឹងត្រូវអនុវត្តដល់ឆ្នាំ២០២៣ ហើយយុទ្ធសាស្ត្រថ្មីនេះត្រូវស្របនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកក៏បានកោតសរសើរដល់តួនាទីរបស់ក្រុមប្រឹក្សាស្តាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងការសម្របសម្រួលគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធលើការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងក្រុមការងារបច្ចេកទេស ហើយវានឹងក្លាយជាគំរូដល់ប្រទេសនានាក្នុងតំបន់។ លោកបន្តថា សន្តិសុខស្បៀង និងអាហារូបត្ថម្ភ មានការពាក់ព័ន្ធនឹងកំណើនសេដ្ឋកិច្ច ពិសេសភាពក្រិសក្រិន និងការអភិវឌ្ឍខួរក្បាលរបស់កុមារ។ ដូច្នេះ WFP នឹងស្វែងរកការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីការងាររួមមួយ និងអនុវត្តទាំងអស់។
ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី តែងបានតម្កល់ទុកសុខុមាលភាពប្រជាជន គឺជាកត្តាចម្បងសម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងវឌ្ឍនភាពសង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព ពិសេសសុខភាពស្ត្រី និងកុមារ។
កត្តាទាំងនេះបានជំរុញឲ្យក្រុមប្រឹក្សាស្តាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដើរតួនាទីកាន់តែសកម្មថែមទៀតក្នុងការសម្របសម្រួល និងដឹកនាំអនុវត្តលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងគោលដៅធ្វើយ៉ាងណាឲ្យវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជាកាន់តែមានភាពប្រសើរឡើង។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផ្តោតសំខាន់លើការអភិវឌ្ឍធនធានមនុស្ស អភិវឌ្ឍន៍កិច្ច និងវិស័យឯកជន ព្រមទាំងជំរុញការវិនិយោគប្រកបដោយបរិយាប័ន។
ឯកឧត្តមរម្លឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានណែនាំ និងជំរុញវិស័យកសិកម្ម អភិវឌ្ឍន៍ជនបទ និងសុខាភិបាល រួមទាំងវិស័យទឹកស្អាត និងអនាម័យឲ្យបានល្អប្រសើរជាងមុន។ ដូច្នេះ ក្រុមប្រឹក្សាស្តាអភិវឌ្ឍន៍វិស័យកសកិកម្ម និងជនបទ នៅតែដើរតួនាទីដ៏សំខាន់ ក្នុងការសម្របសម្រួលគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ឋទាំងអស់ ដើម្បីកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា ព្រោះថា បើកាលណាប្រជាពលរដ្ឋមានសុខភាពល្អ និងមានអាហារូបត្ថម្ភគ្រប់គ្រាន់នោះ វានឹងជួយជំរុញល្បឿនក្នុងការអភិវឌ្ឍជាតិ ពិសេសកុមារមានកាយសម្បទាគ្រប់គ្រាន់ មានប្រាជ្ញាឈ្លាសវៃ រៀនសូត្របានពូកែ និងក្លាយជាទំពាំងស្នងឬស្សី និងជាធនធានមនុស្សដ៏ល្អសម្រាប់ចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិទៅថ្ងៃអនាគត។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើដល់អង្គការស្បៀងអាហារពិភពលោកបន្តជួយដល់យុទ្ធសាស្ត្រជាតិសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជាបន្តទៀត។ ជាការឆ្លើយតប លោក ដេវីត កាទ្រូដ មានប្រសាសន៍ថា អង្គការស្បៀងអាហារពិភពលោក នឹងបន្តជួយដល់កម្ពុជាទាំងថវិកា និងបច្ចេកទេសលើកិច្ចគាំពារសង្គម សន្តិសុខស្បៀង និងអាហារូបត្ថម្ភជាបន្តទៀត៕