លួចម៉ូតូអ្នកធ្វើការជាមួយគ្នា ត្រូវម្ចាស់ម៉ូតូចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចយកម៉ូតូរបស់អ្នកធ្វើការជាមួយស្មានថា គេមិនដឹង ចុងក្រោយឆែកកាំមេរ៉ាឃើញ ក៏ចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។ ករណីនេះកើតឡើងកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៧ និង៤០នាទី នៅចំណុចក្នុងបរិវេណខុនដូរយូប៊ែង ផ្លូវ១៩២៨ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យមានឈ្មោះ សុំ ឆាយ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ចំណែកជនរងគ្រោះឈ្មោះ ពៅ ពិសី ភេទស្រី អាយុ៣២ឆ្នាំ មុខរបរកម្មការនី ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ សម្ភារដែលបាត់បង់គឺ ម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ1CF-1494។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះ មកធ្វើការនៅចំណុចកើតហេតុខាងលើ រួចជនរងគ្រោះបានដើរចូលទៅធ្វើការលុះដល់ម៉ោង១៤និង០០នាទី ជនរងគ្រោះបានមកមើលម៉ូតូតែមិនឃើញ ហើយជនរងគ្រោះបានឆែកកាមេរ៉ាសុវត្ថិភាពមើលឃើញជនសង្ស័យធ្វើសកម្មភាពលួចយកម៉ូតូរបស់ខ្លួន រួចជនរងគ្រោះបានទំនាក់ទំនងទៅជនសង្ស័យតែជនសង្ស័យមិនមកជួបជនរងគ្រោះឡើយ។

លុះរហូតដល់ម៉ោង១៧ និង៤០នាទី ជនរងគ្រោះបានឃើញជនសង្ស័យមកដល់កន្លែងធ្វើការ (ចំណុចកើតហេតុ) ជនរងគ្រោះបានសហការជាមួយឈ្មោះ ប្រាក់ វណ្ណីត នាំគ្នាឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថិកិច្ចប៉ុស្តិ៍ភ្នំពេញថ្មីធ្វើការសាកសួរ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner