ក្លិបកម្សាន្ត “1618សាលកម្សាន្តបុកប៊ីយ៉ា” ត្រូវបានអាជ្ញាធរចុះដកហូតសំបកទូហ្គេមជាច្រើនគ្រឿង តែមិនបានឃាត់មនុស្សទេ
ភ្នំពេញ៖ ក្លិបកម្សាន្តមួយកន្លែង ដែលមានយីហោ “1618សាលកម្សាន្តបុកប៊ីយ៉ា” ត្រូវបានអាជ្ញាធរខណ្ឌទួលគោក ចុះដកហូតសំបកទូហ្គេមបាញ់ត្រី ទូហ្គេមវាយពុង និងតាបបុកប៊ីយ៉ាចំនួន៦តាប ចំណែកម្ចាស់ទីតាំងដែលគេស្គាល់ថា ជាជនជាតិចិនមិនត្រូវបានអាជ្ញាធរឃាត់ខ្លួនយកទៅណែនាំទេ។ ប្រត្តិបត្តិការនៃការចុះដកហូតនេះ ធ្វើឡើងនៅវេលាម៉ោង៩ព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ដែលស្ថិតនីតាមបណ្តោយផ្លូវព្រះមុន្នីរ៉េត សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

សូមបញ្ជាក់ថា ទីតាំងខាងនេះ ត្រូវបានអាជ្ញាធរខណ្ឌទួលគោកបានចុះបង្រ្កាបកាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ តែមិនមានការដកហូតសម្ភារអ្វីនោះទេ រង់ចាំដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ទើបសមត្ថកិច្ចសម្រេចចិត្តចុះដកហូតយកសំបកទូហ្គេមទាំងនេះ ដោយមានការសម្របសម្រួលពីលោក តុប ឈុនឡុង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

មន្ត្រីរដ្ឋបាលខណ្ឌទួលគោក ដែលបានចុះអនុវត្តន៍លើក្លិបកម្សាន្តនេះបានឲ្យដឹងថា ក្លិបនេះបានលួចបើកដោយគ្មានច្បាប់ការអនុញ្ញាតត្រឹមត្រូវ និងបានបង្កប់ល្បែងស៊ីសងបាញ់ពុងជាច្រើនប្រភេទ៕

