យុទ្ធនាការជំរឿន គឺកិច្ចការសំខាន់ ដើម្បីផ្តល់ព័ត៌មានដល់ប្រជាជនកម្ពុជាឲ្យបានជ្រាប និងត្រៀមលក្ខណៈសហការជាមួយមន្ត្រីជំរឿនក្នុងការផ្តល់ចម្លើយជាក់លាក់នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩
យុទ្ធនាការជំរឿន គឺកិច្ចការសំខាន់ ដើម្បីផ្តល់ព័ត៌មានដល់ប្រជាជនកម្ពុជា ឲ្យបានជ្រាប និងត្រៀមលក្ខណៈសហការជាមួយមន្ត្រីជំរឿនក្នុងការផ្តល់ចម្លើយជាក់លាក់នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មការឃោសនាជំរឿនទូទៅប្រជាជននៅព្រៈរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ នៅទីស្តីការក្រសួងផែនការ កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជោគជ័យនៃជំរឿនទូទៅប្រជាជន នៅកម្ពុជាកាលពីឆ្នាំ១៩៩៨ និងឆ្នាំ២០០៨ កន្លងមក គឺដោយសារការរួមចំណែកក្នុងការផ្សព្វផ្សាយផ្សាយធំធេង និងទូលំទូលាយក្នុងអំឡុងពេលធ្វើជំរឿន និងការគាំទ្រពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈផ្ញើសារអំពាវនាវឲ្យអជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋ ចូលរួមសហការផ្តល់ព័ត៌មានសម្ភាសន៍ជាមួយមន្ត្រីជំរឿន។ យើងសង្ឃឹមថានឹងប្រើប្រាស់បទពិសោន៍ដែលបានប្រើកន្លងមកសម្រាប់យុទ្ធនាការ ផ្សព្វផ្សាយជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ ២០១៩ នេះបន្តទៀត។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមថា យុទ្ធនាការផ្សព្វផ្សាយជំរឿន ឆ្នាំ២០១៩ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ រហូតដល់ថ្ងៃ១៣ ខែមីនា ឆ្នាំ២០១៩ ទើបចប់យុទ្ធនាការនេះ។ មធ្យោបាយផ្សព្វផ្សាយនានា តាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដូចបានជម្រាបជូនខាងលើ នឹងបញ្ជូនទៅគ្រប់ភូមិ ឃុំ ស្រុក និងរាជធានី ខេត្ត ទូទាំងប្រទេសកម្ពុជា។ ឯកឧត្តមសង្ឃឹមថា ឯកឧត្តម លោកជំទាវ លោក លោកស្រី នឹងចូលរួមសហការផ្តល់អនុសាសន៍ និងចូលរួមជួយផ្សព្វផ្សាយការងារជំរឿននេះ ឲ្យបានទូលំទូលាយ ដល់ប្រជាជនដែលរស់ក្នុងប្រទេសកម្ពុជាទាំងអស់ ទាំងអំឡុងពេលត្រៀម និងអំឡុងពេលប្រមូលទិន្នន័យ ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ រហូតដល់ថ្ងៃ១៣ ខែមីនា ឆ្នាំ២០១៩។ ឯកឧត្តមបានថ្លែងអំណរគុណចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង និងស្ថាប័នពាក់ព័ន្ធដទៃទៀត ដែលបានសម្របសម្រួលសកម្មភាព ដើម្បីឲ្យជំរឿនអាចដំណើរទៅបានតាមការគ្រោងទុក។ ខ្ញុំសូមឆ្លៀតឱកាសនេះក្នុងនាម គណៈកម្មាធិការជាតិ គណៈកម្មការបច្ចេកទេស និងក្នុងនាមខ្លួនផ្ទាល់ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ UNFPA សម្រាប់ការចូលរួមចំណែកគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុមួយចំណែក សម្រាប់ធ្វើជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ និងថ្លែងអំណរគុណជាពិសេសចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឲ្យប្រើប្រាស់ថវិកាជាតិសម្រាប់អនុវត្តការងារជំរឿនទូទៅប្រជាជនកម្ពុជាឆ្នាំ២០១៩នេះ៕ម.ន




