អដ្ឋិធាតុឯកឧត្ដមសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner ត្រូវយកមកតម្កល់ទុកក្នុងចេតិយនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប
នៅព្រឹកថ្ងៃទី០៥ខែធ្នូឆ្នាំ២០១៨-អាជ្ញាធរខេត្តសៀមរាបមន្រ្តីរាជការ និងប្រជាពលរដ្ឋនៅខេត្តសៀមរាបរាប់ពាន់នាក់ បានឈរអមតាមដងផ្លូវដើម្បីចូលរួមសម្ដែងនូវកតញ្ញូតាធម៌ ចំពោះការលះបង់កម្លាំងកាយចិត្ត ក្នុងការជួយសង្គ្រោះកុមារ និងមាតាកម្ពុជានាពេលកន្លងមក ខណៈដែលអដ្ឋិធាតុឯកឧត្ដមសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner ត្រូវយកមកតម្កល់ទុកក្នុងចេតិយនៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប។
ផ្អែកតាមបណ្ដាំចុងក្រោយរបស់ឯកឧត្ដមសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner អតីតស្ថាបនិកមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា អដ្ឋិធាតុឯកឧត្ដមវេជ្ជបណ្ឌិត ត្រូវបានបញ្ជូនពីប្រទេសស្វីស មកតម្កល់ទុកនៅចេតិយនៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប។
អាជ្ញាធរខេត្តសៀមរាបនៅព្រឹកថ្ងៃទី០៥ខែធ្នូឆ្នាំ២០១៨នេះ បានធ្វើការដង្ហែការអដ្ឋិធាតុឯកឧត្ដមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប ឆ្លងកាត់តាមផ្លូវជាតិលេខ០៦ បន្តមកដល់ស្តុបសណ្ឋាគារសុខាអង្គរ បត់តាមផ្លូវស៊ីវុត្ថា ឆ្ពោះទៅកាន់ផ្សារចាស់ តាមរង្វង់មូលនាគបាញ់ទឹក បន្តឆ្លងកាត់ស្ពានវត្តដំណាក់ បត់ស្របតាមផ្លូវបណ្ដោយស្ទឹងសៀមរាប មកកាន់ស្ពានព្រះរាជដំណាក់ និងបន្តតាមផ្លូវហ្សាដឺហ្គោលឆ្ពោះទៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ។
នៅក្នុងពិធីដង្ហែនេះ មន្រ្តីរាជការរួមជាមួយប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប អញ្ជើញមកឈរអមសងខាងផ្លូវ ដោយបានប្រមូលផ្ដុំគ្នាចាប់ពីកែងស្តុបសុខា ឆ្ពោះតាមគោលដៅផ្លូវក្បួនរថយន្តឆ្លងកាត់ រហូតដល់មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ដើម្បីចូលរួមសម្ដែងនូវកតញ្ញូតាធម៌ ចំពោះការលះបង់កម្លាំងកាយចិត្ត ក្នុងការជួយសង្គ្រោះកុមារ និងមាតាកម្ពុជានាពេលកន្លងមក
ក្នុងខណៈពេលដែលអដ្ឋិធាតុឯកឧត្ដមសាស្ត្រាចារ្យវេជ្ជបណ្ឌិត តម្កល់ទុកនៅចេតិយនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបនេះ នៅថ្ងៃទី០៦ខែធ្ន ឆ្នាំ២០១៨ ស្អែកនេះ នឹងរៀបចំពិធីបុណ្យបង្សុកូល ឧទ្ទិសកុសលផលបុណ្យ ដល់ដួងវវិញ្ញាណក្ខន្ធឯកឧត្ដមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ក្រោមព្រះរាជាធិបតីភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និង សុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។
សូមបញ្ជាក់ថា លោកវេជ្ជបណ្ឌិត Beat Richner ដែលជាបុគ្គលដ៏អស្ចារ្យម្នាក់ ដែលប្រជាជនកម្ពុជាភាគច្រើនបានទទួលស្គាល់ និងចាត់ទុកជាវីរបុរសជួយសង្គ្រោះកុមារកម្ពុជា ក្នុងរយៈពេលជាច្រើនឆ្នំាបានទទួលមរណៈភាពដោយសារជំងឺក្នុងវ័យ៧១ឆ្នាំ នៅក្នុងទីក្រុង Zurichនៃប្រទេសស្វីស កាលពីថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០១៨នេះ។
នៅក្នុងពីធីដង្ហែនេះមានការអញ្ជើញចូលរួមពីសំណាក់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងប្រជាពលរដ្ឋរាប់ពាន់នាក់៕




