តម្រូវការទឹកស្អាតនៅកម្ពុជា នឹងកើនឡើងដល់១លានគូបក្នុងមួយថ្ងៃនៅឆ្នាំ២០៣០ខាងមុខ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មបានលើកឡើងថា តម្រូវការទឹកស្អាតនៅកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់ ដោយការរំពឹងទុកនៅឆ្នាំ២០៣០ តម្រូវការទឹកស្អាតនឹងកើនដល់១លានគូបក្នុងមួយថ្ងៃ។

ការលើកឡើងពីតម្រូវទឹកស្អាតនឹងកើនឡើងនៅកម្ពុជានេះ ធ្វើឡើងនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០១៨នេះ ស្របពេលឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ចូលរួមក្នុងពិធីចុះអនុស្សារណៈយោគយល់រវាងក្រុមហ៊ុន ហ្ក្រាន់ហ្វូស ( Grundfos ) ជាមួយក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ទឹកស្អាតនៅកម្ពុជា។

ឯកឧត្តមបានបញ្ជាក់ថា តម្រូវការទឹកស្អាតនឹងមានការកើនឡើងដល់០,៨លានម៉ែត្រគូបក្នុងមួយថ្ងៃក្នុងឆ្នាំ២០២៥ ហើយវានឹងកើនដល់១លានម៉ែត្រគូបក្នុងឆ្នាំ២០៣០ ដែលវាចាំបាច់ឲ្យស្ថាប័នផ្គត់ផ្គង់ទឹកស្អាតពង្រឹងលទ្ធភាពផ្គត់ផ្គង់ឲ្យមានប្រសិទ្ធភាព។ ឯកឧត្តមបន្តថា ការចុះអនុស្សារណៈយោគយល់គ្នានាពេលនេះ នឹងជួយបង្កើនលទ្ធភាពទទួលបានទឹកស្អាត និងមានគុណភាព ដោយក្រុមហ៊ុនមានបច្ចេកវិទ្យាខ្ពស់ និងដំណោះស្រាយដោយនវានុវត្តន៍។

ទាក់ទងនឹងការចុះអនុស្សារណៈក្នុងការលើកកម្ពស់ទឹកស្អាតនេះ ក្រុមហ៊ុន ហ្ក្រាន់ហ្វូស ក៏បានដាក់ចេញគម្រោងសាកល្បងមួយក្នុងខេត្តតាកែវផងដែរ ដោយប្រើប្រាស់តាមវិធីសាស្ត្រី ចែកចាយតាមកម្រិតតម្រូវការ។ នេះជាប្រព័ន្ធចែកចាយទឹកស្អាតដ៏ឆ្លាតវៃ ដែលកែសម្រួលលំហូរទឹកដោយស្វ័យប្រវត្តិ ដោយប្រើប្រាស់ឧបករណ៍តាមដានសំពាធនៅក្នុងបណ្តាញពីចម្ងាយ ហើយវាបានជួយកាត់បន្ថយសម្ពាធទឹកលើសលប់នៅក្នុងបំពង់ទុយោទឹក។

ធ្វើដូច្នេះ ជួយកាត់បន្ថយការលេចធ្លាយទុយោទឹក និងការបាត់បង់ទឹក ដែលនាំឲ្យកាត់បន្ថយការចំណាយ និងថាមពល។ ការប្រើប្រាស់ជាតិគីមីក៏ត្រូវបានកាត់បន្ថយបានច្រើនដែរ ព្រោះនឹងមានការកត់ត្រាទិន្នន័យព័ត៌មានបានកាន់តែច្បាស់លាស់ច្រើនជាងមុន ដើម្បីធានាដល់ការប្រើប្រាស់ថ្នាំឲ្យមានភាពកំរិតត្រឹមត្រូវ ដែលកត្តាទាំងនេះ នឹងជួយកាត់បន្ថយការចំណាយទៅតាមនោះដែរ។ យុទ្ធសាស្ត្រនៃការអនុវត្តដំណោះស្រាយបែបនវានុវត្តន៍ ព្រមជាមួយនឹងគំរូអាជីវកម្មថ្មីរបស់ក្រុមហ៊ុនបានជួយរោងចក្រសន្សំថាមពលបានជាង២៧០,០០០គីឡូវ៉ាត់ម៉ោង ហើយសន្សំទឹកបានប្រហែល២០០,០០០ម៉ែត្រគូបក្នុងមួយឆ្នាំ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner