រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាខ្ពស់ក្នុងការលុបបំបាត់ជំងឺអេដស៍តាមរយៈការកំណត់យ៉ាងច្បាស់លាស់នូវគោលដៅបីសូន្យ នៅត្រឹមឆ្នាំ២០២៥

អត្ថបទដោយ៖
Kien Sereyvuth

រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាខ្ពស់ក្នុងការលុបបំបាត់ជំងឺអេដស៍ តាមរយៈការកំណត់យ៉ាងច្បាស់លាស់នូវគោលដៅបីសូន្យ គឺគ្មានការឆ្លងជំងឺអេដស៍ថ្មី គ្មានការរើសអើងលើអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ និងគ្មានស្លាប់ដោយសារជំងឺអេដស៍នៅត្រឹមឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០១៨ ដែលជាកិច្ចប្រជុំលើកដំបូងសម្រាប់រាជរដ្ឋាភិបាលនៅក្នុងនីតិកាលទី៦ នៃរដ្ឋសភា បានដំណើរការរយៈពេលមួយព្រឹកពេញ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងមានការចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ចូលរួមផងដែរ។

អង្គប្រជុំបានពិនិត្យពិភាក្សាលើសមិទ្ធផល ស្ថានភាពរាលដាលមេរោគអេដស៍ ឧបសគ្គ ឱកាស ស្ថានភាពហិរញ្ញប្បទាន គោលនយោបាយ និងគោលដៅយុទ្ធសាស្ត្រពិភពលោក ព្រមទាំងគោលដៅ និងការតាំងចិត្តជាយុទ្ធសាស្ត្រជាតិ។ ក្នុងគោលបំណងនៃការសម្រេចជោគជ័យខាងលើ កិច្ចប្រជុំពេញអង្គនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដាក់ចេញនូវការសម្រេចចិត្តដូចតទៅ៖

១)អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័នពាក់ព័ន្ធនានា និងដៃគូអភិវឌ្ឍន៍រៀបចំបញ្ចប់ និងដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៥ ឆ្នាំ២០១៩-២០២៣ និងយុទ្ធសាស្ត្រជាតិធានាចីរភាព សម្រាប់ឆ្លើយតបការងារប្រយុទ្ធនឹងជំងឺអេដស៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

២)អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បញ្ចូលសកម្មភាពដែលបានលើកឡើងនៅក្នុងផែនទីចង្អុលផ្លូវ នៃការឆ្លើយតបដោយចីរភាពទៅក្នុងផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៥ ឆ្នាំ២០១៩-២០២៣។

៣)អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវសហការជាមួយក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្តល់ថវិកាអនុវត្តការបញ្ជ្រាបការងារប្រយុទ្ធនឹងមេរោគអេដស៍ ជំងឺអេដស៍ទៅក្នុងផែនការអភិវឌ្ឍ និងវិនិយោគឃុំ សង្កាត់។
៤)ក្រសួងសុខាភិបាល និងក្រសួងផែនការត្រូវកំណត់ថា អ្នកផ្ទុកមេរោគអេដស៍ជាក្រុមប្រជាជនងាយរងគ្រោះ ដែលត្រូវទទួលបានអត្តសញ្ញាណគ្រួសារក្រីក្រ និងមូលនិធិសមធម៌ដែលធានាដល់ការទទួលបានសេវាថែទាំសុខភាព និងការគាំពារសង្គម។

៥)ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវកែសម្រួល និងរៀបចំវិធាន និងនីតិវិធីក្នុងការផ្តល់ថវិកាដើម្បីឱ្យស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពមានថវិកាផ្ទាល់សម្រាប់ការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍។

៦)ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវទទួលស្គាល់តួនាទីសំខាន់របស់អង្គការសង្គមស៊ីវិលក្នុងការឆ្លើយតបនឹងមេរោគអេដស៍ ជំងឺអេដស៍ និងបន្តគាំទ្រឱ្យមានការចូលរួមបន្តទៀតតាមរយ:ការផ្តល់មូលនិធិពីរាជរដ្ឋាភិបាល តាមលទ្ធភាពថវិកាជាតិ។

៧)ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិត្រូវសិក្សាលំហថវិកា ដើម្បីធានាការអនុវត្តការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបញ្ចប់បញ្ហាអេដស៍នៅក្នុងឆ្នាំ២០២៥។

៨)ក្រសួងសុខាភិបាលត្រូវបន្តពង្រឹងធនធានមនុស្ស ការធ្វើលទ្ធកម្ម ការផ្គត់ផ្គង់ឱសថបរិក្ខារ និងប្រព័ន្ធព័ត៌មាន ដើម្បីបញ្ជ្រាបការឆ្លើយតបការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាព និងធានាចីរភាព៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner