លោក ដូណាល់ ត្រាំ៖ រុស្ស៊ី ចិន និងសហរដ្ឋអាម៉េរិក គ្រោងធ្វើកិច្ចពិភាក្សាគ្នាស្តីពីការកាត់បន្ថយការប្រកួតប្រជែងផ្នែកសព្វាវុធ

សហរដ្ឋអាម៉េរិក៖ សារព័ត៌មាន NHK បានចុះផ្សាយថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកមានឆន្ទៈក្នុងការចាប់ផ្តើមធ្វើកិច្ចពិភាក្សាស្តីពីការកាត់បន្ថយការប្រកួតប្រជែងផ្នែកសព្វាវុធនាថ្ងៃអនាគត ជាមួយសមភាគីចិន និងរុស្ស៊ីរបស់លោក។

លោក ត្រាំ បានសរសេរសារបង្ហោះតាមបណ្តាញសង្គមធ្វីតធើ នៅថ្ងៃច័ន្ទនេះថា រូបលោកផ្ទាល់ជឿជាក់ថា លោក និងលោក ស៊ី ជិនពីង ព្រមទាំងលោក វ៉្លាឌីមៀ ពូទីន នឹងចាប់ផ្តើមធ្វើកិច្ចពិភាក្សាគ្នាអំពីការកាត់បន្ថយនូវអ្វីដែលបានក្លាយទៅជាបញ្ហាដ៏ធំបំផុតមួយ និងការប្រកួតប្រជែងផ្នែកសព្វាវុធដែលមិនអាចគ្រប់គ្រងបាន ខណៈសហរដ្ឋអាម៉េរិកបានចំណាយប្រាក់រហូតដល់៧១៦ពាន់លានដុល្លារនៅឆ្នាំនេះ។

សូមរំលឹកថា កាលពីខែតុលាកន្លងទៅ លោក ត្រាំ បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងចាកចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យម ហៅកាត់ថា INF ដោយអះអាងថា រុស្ស៊ីបានរំលោភលើសន្ធិសញ្ញាអន្តរជាតិនេះ។

យ៉ាងណាមិញ រុស្ស៊ីបានបញ្ជាក់ថា ទីក្រុងម៉ូស្គូបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើកិច្ចពិភាក្សាជុំវិញបញ្ហានេះជាមួយទីក្រុងវ៉ាស៊ីនតោន តាមរយៈជំនួបរវាងលោក ពូទីន និងលោក ត្រាំ នោះ គ្រោងធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅអាហ្សង់ទីន។ ប៉ុន្តែលោក ត្រាំ បានសម្រេចចិត្តលុបចោលជំនួបនោះ ដោយសារការប្រឈមមុខដាក់គ្នារវាងរុស្ស៊ី និងអ៊ុយក្រែននាពេលថ្មីៗនេះ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner