ប្រមុខដឹកនាំអង្គការណាតូ ស្នើឱ្យរុស្ស៊ីបញ្ចប់ការប្រឈមមុខដាក់គ្នាជាមួយអ៊ុយក្រែន
បរទេស៖ អគ្គលេខាធិការអង្គការណាតូលោក ជេន ស្តូធែនប៊ឺគ នៅថ្ងៃច័ន្ទនេះ បានទាមទារឱ្យប្រទេសរុស្ស៊ី និងកងទ័ពជើងទឹករបស់ខ្លួន បញ្ឈប់ការប្រឈមមុខដាក់គ្នាជាមួយអ៊ុយក្រែន ហើយថែមទាំងបានបដិសេធក្នុងការសន្យាផ្តល់ជំនួយថ្មីដល់ទីក្រុងគៀវ ខណៈសម្ព័ន្ធមិត្តកំពុងព្យាយាមទប់ស្កាត់ភាពតានតឹង។

រដ្ឋមន្ត្រីការបរទេសមកពីប្រទេសសម្ព័ន្ធចំនួន២៩ នឹងត្រូវជួបពិភាក្សាជាមួយប្រមុខការទូតអ៊ុយក្រែននៅថ្ងៃអង្គារ៍នេះ ដើម្បីប្រឹក្សាគ្នាពាក់ព័ន្ធនឹងហេតុការណ៍ប៉ះទង្គិចគ្នាកាលពីសប្តាហ៍មុននៅឯតំបន់ដែនសមុទ្រអាហ្សូវ ដែលជាលទ្ធផលនោះ រុស្ស៊ីបានចាប់ខ្លួនក្រុមនាវិកអ៊ុយក្រែនចំនួន២៤នាក់ ហើយថែមទាំងរឹបអូសយកនាវារបស់ពួកគេចំនួន៣គ្រឿងទៀត។

ជាមួយគ្នានោះដែរ បណ្តារដ្ឋមន្ត្រីទាំងអស់ក៏នឹងធ្វើកិច្ចពិភាក្សាផងដែរ ទាក់ទិននឹងសន្ធិសញ្ញាកងកម្លំាងនុយក្លេអ៊ែររយៈចម្ងាយមធ្យម INF ស្របពេលដែលអាម៉េរិកបានប្រកាសថា ខ្លួននឹងបោះបង់ចោលវា ដោយសំអាងថា រុស្ស៊ីបានរំលោភបំពានលើសន្ធិសញ្ញានេះ។

យ៉ាងណាមិញ លោក ស្តូធែនប៊ឺគ បានសន្យាថា នឹងដោះស្រាយបញ្ហានេះប្រកបដោយតម្លាភាព ហើយថែមទាំងអំពាវនាវជាថ្មីម្តងទៀតឲ្យរុស្ស៊ីដោះលែងក្រុមនាវិករបស់អ៊ុយក្រែន និងនាវារបស់ពួកគេ ក៏ដូចជាអនុញ្ញាតឱ្យមានការធ្វើដំណើរនៅចំណតកំពង់ផែរបស់អ៊ុយក្រែន នៅឯតំបន់ដែនសមុទ្រអាហ្សូវ៕