សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិធានការនានា ដើម្បីពង្រឹងលិទ្ធិប្រជាធិបតេយ្យ និងលំហរនយោបាយ

អត្ថបទដោយ៖
Kien Sereyvuth

២៥ ឆ្នាំមុន កម្ពុជាបានដំណើរការបោះឆ្នោតសកលពហុបក្សក្រោយសង្គ្រាម ជាលើកទីមួយ ក្រោមការឃ្លាំមើលរបស់អង្គការសហប្រជាជាតិ ស្របតាមខ្លឹមសារស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។ បន្ទាប់មករដ្ឋធម្មនុញ្ញថ្មីមួយត្រូវបានអនុម័ត បង្កើតឡើងនូវរបបរាជានិយមអាស្រ័យ រដ្ឋធម្មនុញ្ញ ដែលដឹកនាំព្រះរាជាណាចក្រកម្ពុជា តាមមាគ៌ានៃលិទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ក្នុងកាលៈទេសៈដែលអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកម្ពុជា បានចាកចេញ ទៅដោយបន្សល់ទុកឲ្យប្រទេសយើងនូវសន្តិភាពមិនពេញលេញមួយ។ ៥ឆ្នាំ ក្រោយមកទើបសន្តិភាព ការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងទឹកដីត្រូវបានសំរេចជាស្ថាពរអាស្រ័យដោយនយោបាយឈ្នះ-ឈ្នះ និងកិច្ចប្រឹងប្រែងដើម្បីផ្សះផ្សាជាតិរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។
    ចាប់តាំងពីពេលនោះរហូតមក ដោយមានការឧបត្ថម្ភគាំទ្រពីមិត្តភ័ក្តិ និងស្ថាប័នអន្តរជាតិនានានៅលើលោក កម្ពុជាបានប្រឹងប្រែងកសាងប្រទេសជាតិឡើងវិញ និងលើកស្ទួយជូនប្រជាពលរដ្ឋ របស់ខ្លួននូវសិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូរ ពិសេសរក្សាការពារសន្តិភាព ស្ថិរភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ជំរុញការអភិវឌ្ឍ និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប។
    អនុវត្តដោយខ្ជាប់ខ្ជួនតាមរដ្ឋធម្មនុញ្ញ កម្ពុជាបានរៀបចំដំណើរការបោះឆ្នោតព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាខេត្ត-ក្រុង ស្រុក-ខ័ណ្ឌ និងក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយទៀតទាត់ ដើម្បីអនុញ្ញាតឲ្យប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិ និងឆន្ទៈនយោបាយ ក្នុងការជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត ដោយសេរី ត្រឹមត្រូវ តម្លាភាព និងជឿទុកចិត្តបាន។ ដំណើរការនៃការបោះឆ្នោតទាំងនេះ បូករួមទាំងរូបភាព និងយន្តការផ្សេងៗនៃការពិគ្រោះយោបល់ ការធ្វើសេចក្តីសំរេច ការចូលរួមរបស់ស្ថាប័នអង្គការសមាគម និងមហាជននានាក្នុងកិច្ចដឹកនាំប្រទេសជាតិនោះ បានពង្រឹងបន្តិចម្តងៗនូវមូលដ្ឋានគ្រឹះនៃលិទ្ធិប្រជាធិបតេយ្យដ៏ក្មេងខ្ចីនៅកម្ពុជា។
    ដើម្បីរក្សាការពារសមិទ្ធផលដ៏មានតំលៃខាងលើនេះ និងក្នុងគោលដៅធ្វើឲ្យកាន់តែប្រសើរឡើងនូវបរិយាកាសនយោបាយ លំហរប្រជាធិបតេយ្យ ការអនុវត្តនូវសិទ្ធិសេរីភាពស្របច្បាប់របស់

ប្រជាពលរដ្ឋគ្រប់រូប និងក្នុងស្មារតីបង្រួបបង្រួមជាតិ រាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូន សាធារណៈមតិជាតិ និងអន្តរជាតិ អំពីជំហរ និងវិធានការតទៅមុខទៀត ដូចតទៅ៖  
១. ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ គ្មានអំពើហិង្សា និងតម្លាភាព។ គណបក្សនយោបាយចំនួន២០បានចូលរួមប្រកួតក្នុងការបោះឆ្នោតនេះ ហើយមានអ្នកចេញទៅបោះឆ្នោតចំនួន៨៣,០២% ដើម្បីសំដែងនូវបំណងប្រាថ្នារបស់ខ្លួន ចង់ឃើញនូវការបន្តមាគ៌ាសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋ។
   
    គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៨  មានគណបក្សនយោបាយចំនួន៤១ដែលបានចុះបញ្ជីនិង ចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់លិទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា។ វិធានការផ្លូវច្បាប់ចំពោះគណបក្សនយោបាយបំពានច្បាប់ គឺជាការអនុវត្តគោលការណ៍នីតិរដ្ឋ ដើម្បីពង្រឹងដំណើរការលិទ្ធិប្រជាធិបតេយ្យ និងធានាសន្តិភាពនិងស្ថិរភាព ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ប្រកបដោយចិរភាពរយៈពេលវែង។

    ដើម្បីលើកកំពស់លិទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋមន្ថែមទៀត  រដ្ឋសភាជាតិកម្ពុជាកំពុងសិក្សាពិនិត្យបញ្ញាតិ្តច្បាប់ផ្សេងៗ ដើម្បីអនុញ្ញាតអោយបុគ្គលដែលជាប់បម្រាមសកម្មភាពនយោបាយ អាចចាប់ផ្តើមសកម្មភាពនយោបាយខ្លួនឡើងវិញ។ បន្ថែមលើនេះ  រាជរដ្ឋាភិបាល បានបង្កើតយន្តការពិគ្រោះយោបល់ដែលមានលក្ខណចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីប្រមូលធាតុចូលពហុវិស័យ ជាប្រយោជន៍ដល់ការកសាងប្រទេស។ ក្នុងនោះរួមមាន ការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ និងការបង្កើតវេទិកាពិគ្រោះយោបល់ សាធារណៈ ក្នុងកិច្ចដំណើរការបង្កើតច្បាប់និងគោលនយោបាយ។

    ស្របពេលជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានអំពាវនាវអោយអង្គតុលាការដែលជាស្ថាប័ន ឯករាជ្យ ពន្លឿននីតិវិធីសវនការរបស់បុគ្គលដែលជាប់បណ្តឹងនៅតុលាការ ឬត្រូវបានគេ ចោទប្រកាន់ស្របតាមនីតិវិធីតុលាការ ដើម្បីការពារសិទិ្ធពួកគាត់ ដែលធានាដោយរដ្ឋធម្មនុញ្ញ។

២. រាជរដ្ឋាភិបាលបានបេ្តជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ភាពជាដៃគូពិតប្រាកដជាមួយអង្គការ សង្គមស៊ីវិល លើគ្រប់ទិដ្ឋភាពនៃការអភិវឌ្ឍសង្គម។ ក្នុងស្មារតីនេះ ក្រសួងមហាផ្ទៃបាន ផ្តួចផ្តើមនូវវិធានការសំខាន់ៗមួយចំនួន មានជាអាទិ៍៖
    លុបចោលនូវបញ្ញាត្តិតម្រូវអោយអង្គការសង្គមស៊ីវិលជូនដំណឹងអាជ្ញាធរមូលដ្ឋាន ៣ថ្ងៃមុននឹងរៀបចំសកម្មភាពផ្សេងៗ។
    រៀបចំវេទិកាពិគ្រោះយោបល់ទៀងទាត់ជាមួយសង្គមស៊ីវិល រៀងរាល់៦ខែម្តង ឬ នៅពេលចាំបាច់។ វេទិកាពិគ្រោះយោបល់លើកទី២គ្រោងរៀបចំឡើងនៅខែមករា

ឆ្នាំ ២០១៩។ រូបភាពប្រហាក់ប្រហែលនឹងវេទិកាពិគ្រោះយោបល់ខាងលើនេះក៏នឹងត្រូវរៀបចំនៅថ្នាក់ខេត្ត/ក្រុងផងដែរ។
    បង្កើតក្រុមការងារអន្តរក្រសួងដឹកនាំដោយក្រសួងមហាផ្ទៃ ដើម្បីដោះស្រាយសំណើនិងកង្វល់របស់អង្គការសង្គមស៊ីវិល រួមទាំងបញ្ហាពាក់ព័ន្ធនឹងច្បាប់ស្តីពី សមាគមនិងអង្គការក្រៅរដ្ឋាភិបាល ព្រមទាំងសំណើវិសោធនកម្ម។

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក៏នឹងរៀបចំវេទិកាពិគ្រោះយោបល់ ជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិផងដែរ។
៣. រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសិទ្ធិការងារ និងសហជីព។ ក្នុងនោះ  រាជរដ្ឋាភិបាលបានបង្កើតគណកម្មការជាតិមួយ ដើម្បីពិនិត្យឡើងវិញនូវអនុសញ្ញាអន្តរជាតិដែលកម្ពុជាបានផ្តល់សច្ចាប័នកន្លងមក និង ដើម្បីពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ និងអង្គការពលកម្មពិភពលោក។ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានដាក់ជូនអង្គការពលកម្មពិភពលោកនូវផែនទី បង្ហាញផ្លូវ កាលពីខែកក្កដា ឆ្នាំមុន ដើម្បីឆ្លើយតបនឹងអនុសាសន៍១០ចំណុច ដែលបាន អនុម័តនៅក្នុងសន្និសិទពលកម្មអន្តរជាតិលើកទី១០៦ កាលពីឆ្នាំ២០១៧។

    លើសពីនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងបង្កើតក្រុមការងារមួយ ដើម្បីរៀបចំវេទិកាពិគ្រោះយោបល់ជាមួយអង្គការអាជីព តំណាងនិយោជិកនិងនិយោជក ព្រមទាំងភាគីពាក់ព័ន្ធ សំដៅដោះស្រាយការប្រឈមរបស់ពួកគេ ក្នុងការអនុវត្តច្បាប់ សហជីព។ ក្រុមការងារនេះក៏នឹងរៀបចំកិច្ចពិគ្រោះយោបល់ ដើម្បីប្រមូលសំណើផ្សេងៗពី ភាគីពាក់ព័ន្ធ ដើម្បីធ្វើអោយច្បាប់សហជីពមានភាពប្រសើរឡើង ក្នុងករណីចាំបាច់។

    សម្រាប់សហជីពដែលជាប់បណ្តឹងនៅតុលាការ  រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ដើម្បីពន្លឿនដំណោះស្រាយ អនុលោមតាមច្បាប់និងនីតិវិធីជាធរមាន សំដៅ ធានាការលើកកម្ពស់សិទ្ធិនិងសេរីភាពរបស់សហជីព ក្នុងកិច្ចការពារសិទ្ធិពលករ។

៤.    រាជរដ្ឋាភិបាលតែងតែយកចិកទុកដាក់ក្នុងការលើកតម្កើងសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិ ស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់ជាធរមាន។

កន្លងមក មានការចោទប្រកាន់អំពីការរិតត្បិតសេរីភាពសារព័ត៌មាននៅកម្ពុជា ជាពិសេស ករណីរបស់ព្រឹត្តិប័ត្រព័ត៌មានឌឹខេមបូឌាដេលី  វិទ្យុអាស៊ីសេរី និងវិទ្យុសម្លេងអាមេរិក។ ខាងក្រោមនេះគឺជាការពិតសម្រាប់ករណីទាំងនោះ៖
    ព្រឹត្តិប័ត្រព័ត៌មានឌឹខេមបូឌាដេលី បានសម្រេចបិទការបោះពុម្ពផ្សាយដោយខ្លួនឯង ព្រោះគេចវេសមិនបំពេញកាតព្វកិច្ចពន្ធដារ ស្របតាមច្បាប់ពន្ធដារកម្ពុជា។ ក្នុងករណីដោះស្រាយបំណុលពន្ធដាររួចរាល់ហើយ  ព្រឹត្តិប័ត្រព័ត៌មាននេះអាចចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនឡើងវិញ។

    វិទ្យុអាស៊ីសេរីនិងវិទ្យុសម្លេងអាមេរិកបានផ្តួចផ្តើមគំនិតបិទការិយាល័យតំណាងដោយខ្លួនឯង។ ដូច្នេះ ស្ថានីយ៍វិទ្យុទាំងពីរក៏មានសេរីភាពបើកការិយាល័យខ្លួននៅកម្ពុជាឡើងវិញបានដែរ។

៥.    ទោះបីប្រព័ន្ធគ្រប់គ្រងដីធ្លីនៅកម្ពុជាត្រូវបានបំផ្លាញទាំងស្រុងដោយសង្គ្រាមនិងរបបប្រល័យពូជសាសន៍ រាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយនិងច្បាប់ ដើម្បីគ្រប់គ្រងវិស័យដីធ្លីឡើងវិញ ដើម្បីធានាសិទ្ធិនិងប្រយោជន៍របស់ប្រជាជននិងការប្រើប្រាស់ដីអោយបានត្រឹមត្រូវ។

    ចំពោះករណីដីសម្បទានស្ករអំពៅ  រាជរដ្ឋាភិបាលបានប្រឹងប្រែងធ្វើកិច្ចការជាច្រើន ដើម្បី សម្របសម្រួលនិងដោះស្រាយជម្លោះនៅសេសសល់អោយចប់សព្វគ្រប់។

    ពាក់ព័ន្ធនឹងករណីនៅខេត្តកោះកុង និងខេត្តព្រះវិហារ  ក្រសួងដែនដី នគរូបនីយកម្ម និង សំណង់ នឹងបង្កើតក្រុមការងារមួយ ដើម្បីដោះស្រាយបញ្ហាសេសសល់ទាំងនោះ និង ស្វាគមន៍ការចូលរួមពីតំណាងសហភាពអឺរ៉ុប អង្គការសង្គមស៊ីវិល និងសហគមន៍ក្នុងមូល ដ្ឋាន។

    បន្ថែមលើនេះ  រាជរដ្ឋាភិបាលនឹងបន្តដោះស្រាយជម្លោះដីធ្លីផ្សេងទៀត  ជម្រុញនិងពន្លឿនការចុះបញ្ជីដីទូទាំងប្រទេស រួមទាំងការចុះបញ្ជីដីសម្រាប់សហគមជនជាតិភាគតិច  ផ្តល់ដីសម្បទានសង្គមនិងដីសម្រាប់ផលិតកម្មដល់ប្រជាជនដែលពុំមានដី ព្រមទាំងលើកទឹកចិត្តអោយមានការអភិវឌ្ឍផ្ទះសំបែងសម្រាប់អ្នកចំណូលទាប។

    រាជរដ្ឋាភិបាលសង្ឃឹមលើការជួយគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរួមចំណែកក្នុង កិច្ចប្រឹងប្រែងខាងលើ សំដៅធានាបង្កើតសង្គមមួយប្រកបដោយសន្តិភាពនិងសុខដុម រមនា ដែលគ្រប់គ្នាគោរពទាំងស្រុងនូវនីតិរដ្ឋ៕

ថ្ងៃចន្ទ ១១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២
           ភ្នំពេញ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨     

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner