នគរបាលខណ្ឌឬស្សីឆ្មក់បង្ក្រាបបានជនសង្ស័យជួញដូរគ្រឿងញៀន២នាក់
ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលគីឡូម៉ែត្រលេង៦ ចុះបង្ក្រាបក្នុងករណីគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតថ្នាំចំនួន១៣កញ្ចប់តូចធំ។ ក្នុងកិច្ចប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះលេខ២១៧៩ ក្រុម៧ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលត្រូវឃាត់ខ្លួន ទី១)ឈ្មោះ យ៉ុង ស៊ីបូរ៉ា ហៅបូរ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ និង២)ឈ្មោះ រ៉ូយ៉ាំង ហាំង ហៅរ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅផ្ទះគ្មានលេខក្រុម៩ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។

ប្រភពដដែលបានបន្តឲ្យដឹងថា ដោយមានការស្រាវជ្រាវរបស់ជំនាញនគរបាលខណ្ឌឬស្សីកែវបានឈានកំណត់មុខសញ្ញាជនសង្ស័យ ហើយបានធ្វើការចុះទៅឆែកឆេរ និងឃាត់ខ្លួនជនសង្ស័យជាក់ស្តែង ពេលដែលជនសង្ស័យកំពុងធ្វើសកម្មភាពចែកចាយគ្រឿងញៀន។

ក្នុងនោះដែរ កម្លាំងនគរបាលបានដកហូតក្រាមពណ៌សថ្លាចំនួន១៣កញ្ចប់តូចធំ ដែលជាគ្រឿងញៀនប្រភេទម៉ាកទឹកកក ព្រមទាំងឧបករណ៍ប្រើប្រាស់ និងថង់សម្រាប់ច្រកមួយចំនួនផងដែរ។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងចាត់ការតាមផ្លូវច្បាប់៕