នាយកក្រុមហ៊ុន WINGO Cambodia ចូលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម ទាក់ទងការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជានាពេលអនាគត

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៩         ខែវិចិ្ឆកា ឆ្នំា២០១៨ នាទីស្តីការក្រសួង បានអនុញ្ញាតឲ្យលោកស្រី Jin Lee នាយកក្រុមហ៊ុន WINGO Cambodia  និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជានាពេលអនាគត តាមរយៈការបង្កើតធនាគារកសិករ ការធ្វើអាជីវកម្មគ្រាប់ពូជ និងការបង្កើតរោងចក្រផលិតជីធម្មជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះគម្រោងវិនិយោគលើវិស័យកសិកម្មរបស់ក្រុមហ៊ុន ស្របពេលដែលវិស័យមួយនេះ ត្រូវការ ការអភិវឌ្ឍពីវិនិយោគិនទាំងក្នុង និងក្រៅស្រុក ក្នុងពេលបច្ចុប្បន្ន និងក៏ដូចជាពេលអនាគត ដើម្បីបង្កើនផលិតភាព ផលិតកម្ម ដោយប្រើប្រាស់បច្ចេកទេសទំនើប ការជ្រើសរើសពូជ និងជី   សមស្របតាមគោលការណ៍បច្ចេកទេស ការប្រែប្រួលអាកាសធាតុ និងតម្រូវការទីផ្សារ។

ចំពោះគោលបំណងនាំចូលគ្រាប់ពូជ និងជី ឯកឧត្តមរដ្ឋមន្ត្រីស្នើឲ្យក្រុមហ៊ុនសហការ និងពិគ្រោះយោបល់ទាក់ទងនីតិវិធីច្បាប់ និងបច្ចេកទេសជាមួយអគ្គនាយកដ្ឋានកសិកម្ម និងនាយកដ្ឋាននីតិកម្មកសិកម្ម ដើម្បីធ្វើការសាកល្បងដាំដុះជាមួយកសិករ ឬសហគមន៍ស្វែងរកគុណសម្បត្តិ និងគុណវិបត្តិរបស់គ្រាប់ពូជបន្លែនៃដំណាំនីមួយៗ និងជីឲ្យបានច្បស់លាស់ សមស្របតាមអាកាសធាតុ ភូមិសាស្ត្រ ទឹកដីនៅកម្ពុជាយើងជាមុនសិន មុនធ្វើការនាំចូលធ្វើអាជីវកម្ម។

ឯកឧត្តមរដ្ឋមន្ត្រី ស្នើឲ្យក្រុមមហ៊ុនពិនិត្យលទ្ធភាពក្នុងការវិនិយោគនៅកម្ពុជា ល្អប្រសើរជាងការនាំចូល ដើម្បីប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឲ្យអស់លទ្ធភាព បង្កើតការងារ កាត់បន្ថយថ្លៃដើម និងការនាំចូល។ ជាការឆ្លើយតប លោកស្រី Jin Lee នាយកក្រុមហ៊ុន WINGO Cambodia បានឯកភាពតាមសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រី ហើយសន្យាថានឹងសហការលើការងារបច្ចេកទេស និងអនុវត្តតាមនីតិវិធីច្បាប់ដែលបានចូលជាធរមាន ជាមួយនាយកដ្ឋានពាក់ព័ន្ធ ដើម្បីឲ្យគម្រោងរបស់ក្រុមហ៊ុនទទួលបានជោគជ័យ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner