ហត្ថាកសិករឧបត្ថម្ភអគារការិយាល័យសិក្សា និងសម្ភារសិក្សាតម្លៃជាង៤ម៉ឺនដុល្លារ ដល់សិស្សានុសិស្សសាលាបឋមសិក្សាពោធិ៍សាត់

អត្ថបទដោយ៖
Kien Sereyvuth

ពោធិ៍សាត់៖ ហត្ថាកសិករ បានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារការិយាល័យសិក្សា និងផ្តល់នូវសម្ភារសិក្សា ដែលមានតម្លៃសរុបជាង៤ម៉ឺនដុល្លារ ដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលាបឋមសិក្សាពោធិ៍សាត់ ស្ថិតនៅក្នុងខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកហត្ថាកសិករ និងមានការចូលរួម មន្ត្រីរាជការក្រោមឱវាទចំណុះក្រោមឱវាជាច្រើនរូប។

ក្នុងឱកាសនោះ លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកនៃហត្ថកសិករ លីមីតធីត បានមានប្រសាសន៍ថា គណៈគ្រប់គ្រង និងបុគ្គលិកហត្ថាកសិករទាំងអស់ ពិតជាមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំតាមសហគមន៍នានា ហើយរំពឹងថាអគារ ការិយាល័យថ្មី នឹងជួយឲ្យលោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សងាយស្រួលក្នុងការធ្វើការងារប្រចាំថ្ងៃ និងសិក្សារៀនសូត្រ ដែលវាជាការតាំងចិត្តរបស់យើងទាំងអស់គ្នាក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសរបស់យើង ទោះតិចក្តី ឬច្រើនក្តី។ លោកឧកញ៉ាបានមានប្រសាសន៍បញ្ជាក់បន្តថា សមិទ្ធផលសហគមន៍ដែលយើងបានសម្រេចជាច្រើនមកនេះ ក៏មានការចូលរួមពីអតិថិជនរបស់ ហត្ថកសិករ នៅទូទាំងព្រះរាជាណាចក្រកម្ពុជាដែរ។ បើសិនជាគ្មានការគាំទ្រ និងទុកចិត្តពីអតិថិជនរបស់ហត្ថកសិករ ពិតជាមិនអាចក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ មានបទពិសោធន៍ជាង២០ឆ្នាំ នៅក្នុងប្រទេសកម្ពុជានោះឡើយ ហើយក៏ពុំមានលទ្ធភាពធ្វើកិច្ចសង្គមដ៏ច្រើនដូចនេះដែរ។

ជាមួយគ្នានេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍បញ្ជាក់ថា នេះជាការរួមចំណែកមួយដ៏សំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម ជាពិសេសការអភិវឌ្ឍវិស័យអប់រំ បណ្តុះបណ្តាលធនធានមនុស្ស ឲ្យកាន់តែមានគុណភាពល្អប្រសើរជាលំដាប់  ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមមានប្រសាសន៍បន្តថា ដោយឡែក ខេត្តពោធិ៍សាត់មានការរីកចម្រើន និងអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ ដូចជាការស្តាឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទដើម្បីបម្រើនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសគឺបានកសាងសាលារៀន សម្រាប់ជាថ្នាល់បណ្តុះបណ្តាលដល់ក្មួយសិស្សនុសិស្ស ដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ។

ឯកឧត្តម ម៉ៅ ធនិន ក៏បានស្នើសុំឲ្យលោកគ្រូអ្នកគ្រូ ដែលជាអ្នកបណ្តុះបណ្តាលសិស្សានុសិស្ស ផ្តោតជាសំខាន់ ទៅលើក្រមសីលធម៌ និងមានគំនិតជាតិនិយម ដើម្បីឲ្យក្មេងជំនាន់ក្រោយមានក្រមសីលធម៌សមរម្យ និងមានគំនិតមនសិកាស្នេហាជាតិ រក្សាតម្លៃនៃមរតកមនុស្សជំនាន់មុន ជាពិសេសគឺប្រវត្តិសាស្ត្រ ដែលបានកើតឡើងនាពេលកន្លងមក ដែលថ្នាក់ដឹកនាំបានខិតខំតស៊ូ លះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីមនុស្សជំនាន់ក្រោយ ទទួលបាននូវសុខសន្តិភាពរហូតដល់បច្ចុប្បន្ននេះ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលហត្ថាកសិករចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍នៅក្នុងខេត្តពោធិ៍សាត់។ កាលពីពេលកន្លងទៅនេះ ហត្ថាកសិករ បានសាងសង់នូវអគារក្នុងមន្ទីរពេទ្យបង្អែកភ្នំក្រវាញ ព្រមទាំងអគារសិក្សា និងសមិទ្ធផលផ្សេងៗទៀតជាច្រើនផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner